ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញហើយកាលរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុបអស់រយៈពេលប្រមាណ ១សប្តាហ៍ បន្ទាប់ពីចាកចេញពីកម្ពុជាកាលពីរាត្រីថ្ងៃទី១៥ ខែកុម្ភៈ។
សូមជម្រាបថា កិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពបានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដូណាល់ ជេ ត្រាំ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលជាស្ថាបនិក ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សា ។
ការចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាម ។
ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់បទសម្ភាសដល់សារព័ត៌មានអន្តរជាតិធំៗ ដូចជា Fox News និង Reuters ជាដើមដោយលាតត្រដាងអំពីសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យកម្ពុជា ក្រោយកិច្ចព្រមព្រៀងសន្តិភាព។ ក្រៅពីនោះសម្តេចធិបតី ក៏បានជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាមេរិក និង មេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តដំណើរទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែលផងដែរ។ នៅទីនោះ សម្តេចជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត ។
មុនបញ្ចប់ដំណើរទស្សនកិច្ចការងារនៅទ្វីបអឺរ៉ុប សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដល់បទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារ បារាំងAFP(Agence France Presse) នៅប្រទេសបែលហ្សិក។ សម្ដេចធិបតី បានថ្លែងថា បណ្តាញបោកប្រាស់ តាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា សេដ្ឋកិច្ចខ្មៅ កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់កម្ពុជា និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា ។ ហេតុនេះហើយ ទើបយើងប្តេជ្ញាថា នឹងបោសសំអាតវាឱ្យអស់ ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន AFP នេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់លើទង្វើឈ្លានពានរបស់ថៃ ដែលថៃ កំពុងកាន់កាប់ទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែលថៃខ្លួនឯងអះអាងថា ជាខ្សែបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរទៅទៀត និងបានលាតត្រដាងសកម្មភាពឈ្លានពានរបស់ថៃផងដែរ បន្ទាប់ពីទីក្រុងបាងកក ក្នុងសប្តាហ៍នេះ បានចោទប្រកាន់មកលើកម្ពុជា ជាថ្មីម្តងទៀត អំពីការបំពានបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ឆ្នាំមុន ។
សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាន និងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំង ជាក់ស្តែង (fait accompli) តាមរយៈការ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ក្នុងដែនអធិបតេយ្យកម្ពុជា ដែលថៃបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង ៕
អត្ថបទ៖ វណ្ណលុក
រូបថត៖ AKP