ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាប្តេជ្ញាកម្ចាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញ ដែលសម្តេច បានហៅថាជា «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញកេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ចកម្ពុជា។

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាប្តេជ្ញាកម្ចាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញ ដែលសម្តេច បានហៅថាជា «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញកេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ នៅទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ដាញឆបោកទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជា ជាពិសេសលើវិស័យទេសចរណ៍ និងទំនុកចិត្តពីអ្នកវិនិយោគ។ សម្ដេចបានបញ្ជាក់ថា «បណ្ដាញឆបោកកំពុងបំផ្លាញសេដ្ឋកិច្ចដ៏បវររបស់កម្ពុជា និងធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អ»។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយដែលថា រាជរដ្ឋាភិបាលបានសមគំនិត ឬទទួលផលប្រយោជន៍ពីសកម្មភាពខុសច្បាប់ទាំងនេះ។ ទោះបីជាមជ្ឈមណ្ឌលទាំងនោះអាចបង្កើនសកម្មភាពខ្លះៗក្នុងវិស័យអចលនទ្រព្យ ឬការទិញដូរអគារមួយចំនួន ប៉ុន្តែសម្ដេចបានសង្កត់ធ្ងន់ថា ទាំងអស់នេះមិនបានផ្ដល់ផលចំណេញដល់រដ្ឋាភិបាលកម្ពុជាឡើយ។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ បានធ្លាក់ចុះប្រហែល ៥០ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៦ មក ខណៈដែលរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មដែលកំពុងប្រតិបត្តិការទូទាំងប្រទេស។
បើតាមសារព័ត៌មាន SIGMA មន្រ្តីជាន់ខ្ពស់កម្ពុជាដដែល គូសបញ្ជាក់ថា តួលេខនេះគឺជាការសន្និដ្ឋានបឋម និងមិនទាន់ជាការវាយតម្លៃចុងក្រោយ ឬត្រូវបានផ្ទៀងផ្ទាត់ពេញលេញនៅឡើយទេ។
សារព័ត៌មាន SIGMA រាយការណ៍ថា មានទីតាំងសង្ស័យថាជាមជ្ឈមណ្ឌលឆបោកជិត ២០០ កន្លែង ត្រូវបានកម្ទេច និងជនបរទេសប្រហែល ១១,០០០ នាក់ ត្រូវបានបណ្ដេញចេញ។ អាជ្ញាធរបញ្ជាក់ថា ជនសង្ស័យជិត ៥០០ នាក់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនតាមតាមផ្លូវតុលាការ ខណៈដែលករណីជាង ១០០ ទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងសកម្ម ដើម្បីតាមដានលំហូរហិរញ្ញវត្ថុ និងរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធ។
ទីភ្នាក់ងារសារព័ត៌មានបារាំងបានរំលឹកពីរបាយការណ៍ឆ្នាំ២០២៤ របស់វិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដែលបានប៉ាន់ប្រមាណថា ប្រាក់ចំណូលពីការឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា គឺអាចលើសពី ១២.៥ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដែលស្មើនឹងជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។
ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានបដិសេធការចោទប្រកាន់មួយចំនួនដែលថា សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើការឆបោក។ សម្តេចគូសបញ្ជាក់ថា កម្ពុជាពឹងផ្អែកលើសេដ្ឋកិច្ចសុចរិត ដូចជា ទេសចរណ៍ ផលិតកម្ម និងវិស័យផ្សេងៗទៀត៕
ទីភ្នាក់ងារសារព័ត៌មានបារាំងបានរំលឹកពីរបាយការណ៍ឆ្នាំ២០២៤ របស់វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដែលបានប៉ាន់ប្រមាណថា ប្រាក់ចំណូលពីការឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា គឺអាចលើសពី ១២.៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលស្មើនឹងជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា៕
ដោយ៖ទួន សុផល
