ភ្នំពេញ៖ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ដោយផ្ទាល់នៅប្រាសាទព្រះវិហារ នៅថ្ងៃព្រហស្បត្តិ៍ ទី ២៦ ខែកុម្ភៈនេះ ក្រោយពីប្រទេសថៃចោទថា កម្ពុជា បានប្រើប្រាស់ប្រាសាទបុរាណ បេតិកភណ្ឌពិភពលោកនេះ ធ្វើជាមូលដ្ឋានកងទ័ព។

ភ្នំពេញ៖ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ដោយផ្ទាល់នៅប្រាសាទព្រះវិហារ នៅថ្ងៃព្រហស្បត្តិ៍ ទី ២៦ ខែកុម្ភៈនេះ ក្រោយពីប្រទេសថៃចោទថា កម្ពុជា បានប្រើប្រាស់ប្រាសាទបុរាណ បេតិកភណ្ឌពិភពលោកនេះ ធ្វើជាមូលដ្ឋានកងទ័ព។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជា បន្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់,កិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត ដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ លោកជំទាវរំពឹងថា ប្រទេសថៃ នឹងគោរពនូវកិច្ចព្រមព្រៀងទាំងអស់ខាងលើដោយ សុឆន្ទៈ និងភាពស្មោះត្រង់។
ក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់ លើកទី២ចូលជាធរមានកាលពីចុងខែធ្នូ ឆ្នាំ ២០២៦ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានចុះពិនិត្យតាមតំបន់ព្រំដែនជាបន្តបន្ទាប់ ប៉ុន្តែមិនមានរបាយការណ៍ជាផ្លូវការណាមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះឡើយ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលកម្ពុជា ធ្លាប់បានទទូចឲ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ផ្សព្វផ្សាយព័ត៌មានពិត និងឲ្យបានច្បាស់លាស់ពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ខណៈដែលក្រុមនេះស្ថិតនៅស្ងៀមស្ងាត់បើទោះជាក្រុមយោធាថៃ នៅតែបន្តបំពានមកលើដែនអធិបតេយ្យកម្ពុជាក៏ដោយ។

លោក លើកឡើងថា របាយការណ៍ដែលចេញពីក្រុម AOT ពិតជាមានសារសំខាន់ និងមានតម្លៃជាលក្ខណៈអន្តរជាតិ ជុំវិញការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ដោយហេតុថា ការរំលោភបំពានទាំងនេះ មិនត្រឹមតែជាការរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការមិនគោរព និងរំលោភបំពានទៅលើបទឈប់បាញ់ដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាម៉េរិក និងអាស៊ាន។

ប្រាសាទព្រះវិហារ គឺជាសម្បិត្តបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ប៉ុន្តែ ប្រាសាទនេះ ត្រូវបានរងការខូចខាតយ៉ាងដំណំដោយសារការបាញ់ប្រហាររបស់ក្រុមយោធាថៃក្នុងអំឡុងសង្គ្រាមដែលពួកគេរងការចោទប្រកាន់ថាបានបង្កការឈ្លានពានប្រទេសកម្ពុជាអំឡុងខែ កក្កដា និងខែធ្នូ ឆ្នាំ ២០២៥។

កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ សហរដ្ឋអាម៉េរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំប្រទេសហ្វីលីពីន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនឈរនៅជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ជាពិសេសដើម្បីជំរុញនូវសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ ជាមួយគ្នានេះ អាម៉េរិក ក៏បានឱ្យដឹងដែរថាក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងបន្តជំរុញសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរវាងកម្ពុជា និងថៃ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដែលមានការសម្របសម្រួលជាបន្តបន្ទាប់ពីប្រទេសមហាអំណាចដូចជា សហរដ្ឋអាម៉េរិក និងចិន៕
ដោយ៖ខន ណារី




