ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ចាប់ពីខែ មីនា នេះតទៅ ប្រសិនបើ ម្ចាស់ទីតាំង ផ្ទះសំណាក់ ម្ចាស់បុរី ខុនដូ និងម្ចាស់សណ្ឋាគារណាដែលមិនរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន អំពីការស្នាក់នៅរបស់ជនបរទេសនៅក្នុងទីតាំងរបស់ខ្លួននោះទេ ម្ចាស់ទីតាំងទាំងនោះនឹងទទួលរងការផាកពិន័យទៅតាមច្បាប់ជាធរមាន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសយ៉ាងដូច្នេះក្នុងទិវាអបអរសាទរ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១១ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
តាមអនុក្រឹត្យស្តីពី«ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ចុះនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ មាត្រា២០ បានចែងថា ម្ចាស់ទីតាំងដែលមានចេតនាលាក់បាំង ឬអនុញ្ញាតឱ្យជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់ នឹងត្រូវផាកពិន័យជាប្រាក់ចំនួនបួនលានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានប្រព្រឹត្ដក្នុងច្បាប់ជាធរមានឡើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា អាជ្ញាធរនឹងអនុវត្តការផាកពិន័យដោយឈរលើអនុក្រឹត្យខាងលើនេះ។
អ្នកដែលបង្កលក្ខណៈឱ្យជនបរទេសស្នាក់នៅដោយមិនប្រាប់ដល់អាជ្ញាធរ ហើយចាប់ពីដើមខែមីនានេះទៅ នឹងអនុវត្តបានពេញលេញ។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ការផ្តល់ព័ត៌មានអំពីវត្តមានជនបរទេសស្នាក់នៅក្នុងមូលដ្ឋាន គឺដើម្បីធានាសុវត្ថិភាព និងទទួលបាននូវកិច្ចការពារតាមគោលការណ៍ច្បាប់ដោយឥតរើសអើង។ លើសពីនេះការផ្តល់ដំណឹងដល់អាជ្ញាធរ គឺជាផ្នែកនៃការចូលរួមលុបបំបាត់រាល់ឧក្រិដ្ឋកម្មដែលកើតមាននៅលើទឹកដីកម្ពុជា។
កម្ពុជា បានដាក់ផែនការបោសសម្អាតឧក្រិដ្ឋកម្មការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់នៅកម្ពុជាត្រឹមខែមេសា ឆ្នាំ២០២៦។
ក្នុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី«ការប្រឆាំងការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា»នេះ។
ក្នុងយុទ្ធនាការបង្រ្កាបបទល្មើសឆបោកតាមអ៊ីនធឺណិតកាលពីថ្មីៗនេះ ជនបរទេសជាង ៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ហើយជាង ២១ម៉ឺននាក់បានចាកចេញពីកម្ពុជាដោយស្ម័គ្រចិត្ត៕
ដោយ៖សៅ សុខអេង