បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរមីនកម្ពុជាប្រាប់ឲ្យភាគីថៃប្រយ័ត្នសម្តីជុំវិញការចោទប្រកាន់រឿងដាក់មីន

អាជ្ញាធរមីនកម្ពុជាប្រាប់ឲ្យភាគីថៃប្រយ័ត្នសម្តីជុំវិញការចោទប្រកាន់រឿងដាក់មីន

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានក្រើនរំលឹកប្រាប់ភាគីថៃថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែន ត្រូវធ្វើឡើងដោយការប្រុងប្រយ័ត្ន ភាពច្បាស់លាស់ និងទំនួលខុសត្រូវ។

Advertisement

ការក្រើនរំលឹកនេះធ្វើឡើងបន្ទាប់ពីកងទ័ពជើងទឹកថៃ កាលពីពេលថ្មីៗនេះ បាននាំអ្នកសង្កេតការណ៍អាស៊ានទៅកាន់ព្រំដែនខេត្តត្រាតរបស់ថៃ ដើម្បីពិនិត្យមើលគ្រាប់មីន ដែលថៃអះអាងដោយគ្មានភស្តុតាងថាត្រូវបានដាក់ដោយកងទ័ពកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦កុម្ភៈ អាជ្ញាធរមីនកម្ពុជាបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬអនុសញ្ញាអូតាវ៉ា។ កម្ពុជា មិនបានដាក់មិនថ្មី ហើយជំហររបស់កម្ពុជាមិនមានការផ្លាស់ប្តូរ មានតម្លាភាព និងមានភាពច្បាស់លាស់។

អាជ្ញាធរមីនរំលឹកថា តំបន់ព្រំដែនកម្ពុជា-ថៃ មានការគំរាមកំហែងធ្ងន់ធ្ងរដោយសារមីន ដែលបន្សល់ពីជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍កន្លងមក។ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានរកឃើញជាររឿយៗនៅក្នុងតំបន់នេះ ទាំងភាគីកម្ពុជា និងភាគីថៃ។ ហេតុនេះហើយ វាចាំបាច់បំផុតដែលភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបោសសម្អាតមីន និងសំណល់ជាតិផ្ទុះទាំងនេះ។

ក្នុងន័យនេះ ការរក្សាទុកភស្តុតាង ការស៊ើបអង្កេត ការធ្វើសេចក្តីសន្និដ្ឋានជាឯកតោភាគី និងការបង្ហាញសេចក្តីសន្និដ្ឋានជាសាធារណៈដោយអាជ្ញាធរថៃ គឺជាសកម្មភាពឯកតោភាគីទាំងស្រុង ហើយទង្វើនេះ មិនត្រូវបានចាត់ទុកថាជាការស្វែងរកការពិត ប្រកបដោយភាពស្មោះត្រង់នោះឡើយ។ បញ្ហាមីន គឺជាបញ្ហារសើប និងតម្រូវឱ្យមានការផ្ទៀងផ្ទាត់បច្ចេកទេសរួមគ្នា ដែលត្រូវធ្វើឡើងប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការ។

អាជ្ញាធរមីនបញ្ជាក់ថា ការដោះស្រាយបញ្ហានេះត្រូវធ្វើឡើងតាមយន្តការដែលបានព្រមព្រៀងគ្នា សម្រាប់ការវាយតម្លៃ និងការផ្ទៀងផ្ទាត់បច្ចេកទេស។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសហការប្រកបដោយស្ថាបនា និងតម្លាភាព ក្នុងការស្រាយបំភ្លឺ ដើម្បីសុវត្ថិភាពរបស់ជនស៊ីវិល និងសហគមន៍ក្នុងតំបន់ព្រំដែន។

សម្រាប់កម្ពុជា សកម្មភាពមីនមិនគួរត្រូវបានប្រើប្រាស់ដើម្បីបម្រើនយោបាយនោះឡើយ ព្រោះសកម្មភាពមីនគឺជាការជួយសង្គ្រោះជីវិត កាត់បន្ថយហានិភ័យមនុស្សធម៌ និងការលើកកម្ពស់សន្តិភាព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការសន្ទនា ផ្តល់កិច្ចសហប្រតិបត្តិការ និងបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នា ឆ្ពោះទៅសម្រេចបានព្រំដែនដែលមានសុវត្ថិភាព ស្ថិរភាព និងមានការខណ្ឌសីមាច្បាស់លាស់៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា