ក្រសួងអឺរ៉ុប និងការបរទេសរបស់ប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៦ កុម្ភៈ បន្ទាប់ពីលោក ហ្សង់ ណូអែល បារ៉ូ រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅទីក្រុងប៉ារីស៍។ ជំនួបនេះធ្វើឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោករដ្ឋមន្ត្រីទាំងពីរកាលពីថ្ងៃទី២៣ធ្នូ កន្លងទៅ។
នៅក្នុងជំនួបថ្មីនេះ លោករដ្ឋមន្ត្រីការបរទេសបារាំងបានបញ្ជាក់ឡើងវិញពីបំណងប្រាថ្នារបស់ប្រទេសបារាំង ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកម្ពុជា ក្នុងទស្សនវិស័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តមប្រធានាធិបតីបារាំង Emmanuel Macron ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំនេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រៅពីនេះ លោករដ្ឋមន្ត្រីការបរទេសបារាំង និងកម្ពុជា បានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យថាមពល វេជ្ជសាស្ត្រ និងកសិ-ចំណីអាហារ។ ភាពជាដៃគូក្នុងវិស័យបេតិកភណ្ឌ ជាពិសេសជុំវិញរមណីយដ្ឋានអង្គរ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នាផងដែរ។
ជាងនេះទៅទៀត លោក ហ្សង់ ណូអែល បារ៉ូ បានគូសបញ្ជាក់ពីបំណងរួមរបស់ប្រទេសបារាំង និងកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃវិញ លោករដ្ឋមន្ត្រីការបរទេសបារាំងបានរំលឹកសាជាថ្មីពីការប្រកាន់ខ្ជាប់ របស់ប្រទេសបារាំងចំពោះស្ថិរភាពតំបន់ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តពេញលេញដោយប្រទេសទាំងពីរនូវកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ។
បារាំងយល់ឃើញថា ការបន្តកិច្ចសន្ទនានយោបាយរវាងប្រទេសកម្ពុជា និងថៃ គឺមានភាពចាំបាច់ ដើម្បីឈានទៅដល់ដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងចីរភាព ដោយគោរពតាមច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ។
ប្រទេសបារាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងទិសដៅនេះ ហើយបារាំងរក្សាទំនាក់ទំនងជាមួយប្រទេសដៃគូទាំងពីរ ដោយអព្យាក្រឹតភាព។
ក្នុងនាមជាអតីតអាណាព្យាបាលរបស់កម្ពុជា ប្រទេសបារាំងបានបញ្ជាក់ឡើងវិញពីការត្រៀមខ្លួនក្នុងការជួយសម្របសម្រួលឱ្យភាគីទាំងពីរ កម្ពុជានិងថៃ ទទួលបានឯកសារបណ្ណសារដែលបារាំងមាន ពាក់ព័ន្ធនឹងការកំណត់ខ្សែបន្ទាត់ព្រំដែន៕