ថ្មីៗនេះ សារព័ត៌មាន The Nation Thailand បានចុះផ្សាយអំពីរបាយការណ៍ Rice Outlook – February 2026 របស់ក្រសួងកសិកម្មអាមេរិក (USDA) ដែលបានបង្ហាញពីការកើនឡើងនៃបរិមាណផលស្រូវរបស់កម្ពុជា ហើយបានសន្និដ្ឋានថា កំណើននេះគឺដោយសារការបង្កើនការប្រើប្រាស់ជីនិងការប្រើប្រាស់ពូជស្រូវ Hybrid។
នៅក្នុងការចុះផ្សាយនោះ The Nation Thailand បានបន្ថែមពាក្យ«ជីគីមី» ដែលមានខ្លឹមសារឃ្លាតចាកពីរបាយការណ៍ដើម។ ការចុះផ្សាយបែបនេះ បង្កឱ្យមានការយល់ឃើញជាអវិជ្ជមានមកលើការប្រើប្រាស់ធាតុចូលក្នុងវិស័យកសិកម្ម ព្រមទាំងអាចប៉ះពាល់ដល់ប្រជាកសិករ និងទីផ្សារកសិផលរបស់កម្ពុជា។
ក្រសួងកសិកម្មក៏សូមយកឱកាសនេះបញ្ជាក់បន្ថែមអំពីការកើនឡើងនៃផលិតកម្មស្រូវរបស់កម្ពុជានាពេលថ្មីៗនេះដូចខាងក្រោម៖
- ការប្រើប្រាស់ពូជស្រូវ៖ កម្ពុជាមិនមានការអនុវត្តដាំដុះប្រភេទពូជស្រូវ Hybrid នោះទេ។ ការអភិវឌ្ឍវិស័យកសិកម្មរបស់យើងពឹងផ្អែកលើប្រភេទពូជស្រូវធម្មតា (Non-hybrid varieties) ដែលត្រូវបានកែលម្អ និងមានការប្រើប្រាស់ជាយូរមកហើយ។
- ការប្រើប្រាស់ជីកសិកម្ម និងកំណើនផលិតកម្មស្រូវ៖ ផលិតកម្មស្រូវរបស់កម្ពុជាបានកើនឡើងប្រមាណ ១លានតោន ក្នុងឆ្នាំ២០២៥។ កំណើននេះបានកើតចេញពីការពង្រីកផ្ទៃដីដាំដុះ ភាពប្រសើរឡើងនៃបច្ចេកទេសដាំដុះនិងការគ្រប់គ្រងសមាសភាពចង្រៃ ភាពអំណោយផលល្អនៃរបាយទឹកភ្លៀង និងការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីកត្តាអាកាសធាតុ ជាជាងមកពីការដាំដុះប្រភេទពូជ Hybrid ឬការកើនឡើងនៃការប្រើប្រាស់ជីកសិកម្ម។
ទិន្នន័យផ្លូវការបានបង្ហាញថាការនាំចូលជីកសិកម្មរបស់កម្ពុជាមានការធ្លាក់ចុះនៅក្នុងឆ្នាំ២០២៥កន្លងមកនេះ៕