ភ្នំពេញ៖ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថា ក្រុមមន្ត្រីជំនាញបានចាប់ផ្តើមបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិចំនួន ២៩០ ក្នុងចំណោមភូមិសរុប ៣៤៨ភូមិដែលប៉ះពាល់ដោយសារសង្គ្រាមកាលពីឆ្នាំ ២០២៥។
ថ្លែងប្រាប់បណ្តាញព័ត៌មាន AMS កាលពីថ្ងៃសុក្រទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ឯកឧត្តមបញ្ជាក់ថា ក្រុមជំនាញបានធ្វើការហ៊ុំព័ទ្ធ និងដាក់ស្លាកសញ្ញាគ្រោះថ្នាក់ ក្នុងភូមិទាំងនេះ ដើម្បីធ្វើការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ សំដៅធានាសុវត្ថិភាពជូនពលរដ្ឋ។
ទោះជាយ៉ាងណា ឯកឧត្តម ហេង រតនា លើកឡើងថា ក្រុមមន្ត្រី មិនទាន់អាចចូលទៅបោសសម្អាតភូមិប្រជាជពលរដ្ឋជិត៦០ភូមិផ្សេងទៀតនៅឡើយ ដោយសារតំបន់ទាំងនោះកំពុងស្ថិតក្រោមការកាន់កាប់របស់យោធាថៃ។
អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា ក្នុងការប៉ះទង្គិចគ្នាកាលពីខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើប្រាស់អាវុធធន់ធ្ងន់ជាច្រើនប្រភេទទម្លាក់គ្រាប់ចូលមកទឹកដីកម្ពុជាក្នុងជម្រៅ៨០គីឡូម៉ែត្រពីព្រំដែន និងបានបងុ្កឱ្យប៉ះពាល់ផ្ទៃដីសរុប ៤៤១.០០០ហិកតា នៅភូមិទាំង ៣៤៨ តាមព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ក្នុងនោះប្រជាពលរដ្ឋ៩ម៉ឺនគ្រួសារ ស្មើនឹង១០ម៉ឺននាក់រងផលប៉ះពាល់ដោយផ្ទាល់។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ពលរដ្ឋចំនួន ៦៤ម៉ឺននាក់រងផលប៉ះពាល់ ដោយសារសង្រ្គាមព្រំដែន២លើកនេះ ក្នុងនោះពលរដ្ឋជិត៦០ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ៕
ដោយ៖សៅ សុខអេង