ភ្នំពេញ៖ក្នុងជំនួបជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ វ្លាដង់កា អានឌ្រីវ៉ា( Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីអំពីការបន្តគាំទ្រដល់ដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។
ក្នុងឱកាសនៃជំនួបនេះនៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦លោកជំទាវ វ្លាដង់កា អានឌ្រីវ៉ា បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយសេចក្ដីសោមនស្សរីករាយដែលលោកជំទាវបានវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជាជាលើកទី២។
លោកជំទាវបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់កម្ពុជា ក្នុងអំឡុងពេល ២០ ឆ្នាំ នៅក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក តាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅឆ័ត្រក្រោមអង្គការសហប្រជាជាតិ។លោកជំទាវក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាពេលកន្លងមក។
ចំណុចសំខាន់គឺ លោកជំទាវបានជម្រាបជូនសម្ដេចធិបតីនាយករដ្ឋមន្រ្តីថា ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅកម្ពុជានឹងបន្តភាពសកម្មរបស់ខ្លួនដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស ការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling), ការកសាងមូលធនមនុស្ស ជាដើម។
ជាមួយនឹងការស្វាគមន៍វត្តមានលោកជំទាវដែលមកបំពេញការងារនៅកម្ពុជាជាលើកទី២ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះតួនាទីក្នុងភាពជាដៃគូរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការបន្តការគាំទ្ររបស់ អង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងដំណើរការនៃការចាកចេញពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ក្នុងឆ្នាំ២០២៩ ខាងមុខនេះ ។
សម្ដេចធិបតីក៏បានរំលឹកឡើងវិញ អំពីជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការបស់សម្ដេចនិងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកជំទាវប្រធានសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក៏ដូចជាឯកឧត្តមឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សក្នុងឱកាសដែលសម្ដេចអញ្ជើញបំពេញបេសកកម្មការងារនៅទ្វីបអឺរ៉ុប។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ។
សម្ដេចធិបតីក៏បានជម្រាបជូនលោកជំទាវ Vladanka Andreeva អំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយ ព្រំដែន កម្ពុជា-ថៃ និងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជា នៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ចំណែកលោកជំទាវ ក៏បានជម្រាបជូនសម្ដេចធិបតីថា អង្គការសហប្រជាជាតិ ចង់ឃើញប្រទេសទាំងពីរ ដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ