ភ្នំពេញ៖ ផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ក្នុងអំឡុងកូវីដ-១៩ រាលត្បាតនាឆ្នាំ២០២១ ឥឡូវនេះ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. ដែលមាន ឯកឧត្តមអភិ
សន្តិបណ្ឌិត ស សុខា ជាប្រធាន មានអាយុ៥ឆ្នាំហើយ ។កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានប្រារព្ធបើកសន្និបាតប្រចាំឆ្នាំលើកទី៥ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ក្រោមអធិបតីភាព ឯកឧត្តម
អភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។
ក្នុងសន្និបាតបូកសរុបការងាររបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាឆ្នាំ២០២៥ បានរំលេចឱ្យឃើញថា ក.យ.គ. ក្រោមមាគ៌ាដឹកនាំរបស់ ស.ស.យ.ក.សម្រេចបានលទ្ធផលធំៗជាច្រើនក្នុងនោះ ការរៀបចំរចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំ និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានសិក្សាពី១១៤គ្រឹះស្ថាន នៅឆ្នាំ២០២១ កើនដល់១៤៥គ្រឹះស្ថាននៅឆ្នាំ២០២៥ ខណៈចំនួនសមាជិកបានកើនឡើងពី២.០៤៣នាក់ ដល់ ២.៦២៨នាក់ នៅឆ្នាំ២០២៥ ដោយមានវិសាលភាពគ្រប់គ្រង និងបណ្ដុះបណ្ដាលសិស្ស និងនិស្សិតតាមគ្រឹះស្ថានសិក្សា សរុបជាង២សែននាក់ ។ដោយឡែកសម្រាប់ឆ្នាំ២០២៥ ក.យ.គ. បានអនុវត្តផែនការសកម្មភាពសម្រេចបានជាង៨៥ភាគរយ ។លទ្ធផលនេះ ជាសក្ខីភាពបង្ហាញអំពីការខិតខំប្រឹងប្រែង និងប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រង ដោយមានការចូលរួមយ៉ាងសកម្មរបស់យុវជន។
សន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក.រយៈពេលមួយថ្ងៃ មានបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៥រួមមាន ១. ការលើកកម្ពស់ការយល់ដឹងរបស់យុវជន ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ,២. យុវជនក្នុងកាតព្វកិច្ចការពារជាតិ រក្សាសន្តិភាព ស្ថិរភាពននយោបាយ និងជំរុញវឌ្ឍនភាពជាតិ, ៣. ការចូលរួមរបស់យុវជនក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកបង្ហាញអំពីមនសិការស្នេហាជាតិ ,៤. ការលើកកម្ពស់សមត្ថភាពសហគ្រិនភាពរបស់យុវជន និង៥. ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបណ្ដុះគំនិតនវានុវត្តន៍របស់យុវជន។
ក្នុងពិធីបើកសន្និបាតឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន។ឯកឧត្តមបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ ក.យ.គ. បានផ្សព្វផ្សាយ និងសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់យុវជនជាច្រើនពាន់កន្លែង ចុះឈ្មោះសមាជិកក្នុងប្រព័ន្ធ UYFC App ប្រមាណ៨ម៉ឺននាក់ ។រៀបចំនិងចូលរួមសកម្មភាពលើកតម្កើងកិត្តិនាមនិងអត្តសញ្ញាណជាតិ ចំនួន៣១១សកម្មភាព មានយុវជនចូលរួមប្រមាណ១សែននាក់ ។បណ្ដុះបណ្ដាលនិងអភិវឌ្ឍសមត្ថភាពយុវជនបាន២៦៣សកម្មភាព មានសិស្សនិងនិស្សិតចូលរួមជាង៦ម៉ឺននាក់ ។ចូលរួមជាមួយអាជ្ញាធរ៣៦៩សកម្មភាព មានយុវជនចូលរួមជិត៣ម៉ឺននាក់ និងរៀបចំសកម្មភាពលើកកម្ពស់សុខភាព និងវិស័យកីឡាបាន១១៦សកម្មភាព មានយុវជន សិស្ស និស្សិតចូលរួមជាង១៦.០០០នាក់៕
ដោយ៖គ្រី សម្បត្តិ