នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

បន្ទាប់ពីជំនួប ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្តេចតេជោបានស្វាគមន៍យ៉ាង កក់ក្តៅចំពោះការវិលត្រឡប់មកកម្ពុជារបស់លោកជំទាវ និងបានចាត់ទុកវត្តមានលោកជំទាវថា ជាការលើកទឹកចិត្ត និងគាំទ្រសំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ នៅភ្នំពេញ។

លោកជំទាវ Louise Mushikiwabo បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងបានកត់សម្គាល់ពីភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រៀមស្វាគមន៍ប្រតិភូថ្នាក់ដឹកនាំពីបណ្ដាប្រទេសសមាជិក។ លោកជំទាវក៏បានកោតសរសើរតួនាទីដ៏សកម្មរបស់កម្ពុជានៅក្នុងអង្គការហ្វ្រង់កូហ្វូនី ក៏ដូចជាការដឹកនាំរបស់សម្តេចតេជោក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពដល់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះ សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ថ្នាក់ដឹកនាំពិភពលោក ហើយធានាសុវត្ថិភាពពេញលេញជូនប្រតិភូទាំងអស់។ សម្តេចបានផ្ញើសារថា ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃក៏ដោយ ក៏បញ្ហានេះមិនមានឥទ្ធិពលដល់សុវត្ថិភាព និងដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឡើយ។

លោកជំទាវអគ្គលេខាធិការ បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំឱ្យទទួលបានជោគជ័យ ហើយក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវក៏គ្រោងទៅសួរសុខទុក្ខជនភៀសសឹកនៅតំបន់ព្រំដែនផងដែរ។ សម្តេចតេជោបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់នេះ និងចាត់ទុកថា នេះគឺជាសញ្ញាបង្ហាញពីការគាំទ្រដល់សន្តិភាព និងការមិនចង់ឃើញសង្គ្រាមកើតឡើង។

ប្រទេសកម្ពុជា ប្តេជ្ញារៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ឱ្យក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជោគជ័យ ទាំងសម្រាប់កម្ពុជា និងសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល៕
ដោយ វណ្ណលុក



