សៀមរាប៖ អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ដែលជាអង្គការប្រមូលផ្តុំដោយប្រទេសនិយាយភាសាបារាំងប្រមាណ ៩០ ប្រទេស បានអះអាងនៅថ្ងៃអង្គារថា ប្រទេសសមាជិកអង្គការទាំងអស់សម្តែងសមានចិត្តជាមួយប្រជាពលរដ្ឋភៀសសឹកកម្ពុជាដែលកំពុងតែស្ថិតក្នុងការលំបាក។

សៀមរាប៖ អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ដែលជាអង្គការប្រមូលផ្តុំដោយប្រទេសនិយាយភាសាបារាំងប្រមាណ ៩០ ប្រទេស បានអះអាងនៅថ្ងៃអង្គារថា ប្រទេសសមាជិកអង្គការទាំងអស់សម្តែងសមានចិត្តជាមួយប្រជាពលរដ្ឋភៀសសឹកកម្ពុជាដែលកំពុងតែស្ថិតក្នុងការលំបាក។
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) បានលើកឡើងយ៉ាងដូច្នេះ ខណៈដែលលោកស្រីអញ្ជើញទស្សនកិច្ចរយៈពេលខ្លីមួយទៅកាន់ជំរំជនភៀសសឹកកម្ពុជាក្នុងវត្តធម្មរង្សី សំពៅកូន ស្ថិតក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប។
លោកជំទាវបានបញ្ជាក់«យើងបានតាមដាននូវការលំបាកទាំងឡាយដែលអ្នកបានជួបប្រទះ ទោះបីជាក្នុងអំឡុងពេលទស្សនកិច្ចដ៏ខ្លីក៏ដោយ។ នេះគឺជាការសម្ដែងនូវសាមគ្គីភាពសម្រាប់គ្រួសារនិយាយភាសាបារាំងទាំងអស់នៅលើពិភពលោក»។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ជនភៀសសឹកដែលបន្តស្នាក់នៅក្នុងជំរំជនភៀសសឹកមានចំនួនជិត ៥ ម៉ឺននាក់។ មូលហេតុដោយសារលំនៅឋានរបស់ពួកគេត្រូវទាហានថៃហ៊ុមព័ទ្ធយក និងរារាំងមិនឱ្យពួកគេចូលរស់នៅបាន។ មួយវិញទៀត តំបន់មួយចំនួនត្រូវរង់ចាំការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ សល់ពីសង្គ្រាម។
ដំណើរទស្សនកិច្ចរបស់ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ គឺជាផ្នែកមួយនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅក្នុងទីក្រុងភ្នំពេញក្នុងខែវិច្ឆិកា ឆ្នាំ ២០២៦។ កិច្ចប្រជុំដែលនឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីប្រទេសចំនួន ៩០។ លោកជំទាវបានដឹកនាំគណៈប្រតិភូដែលមានសមាជិកមកពីប្រទេស សេណេហ្គាល់ រូម៉ានី បារាំង កម្ពុជា បែលហ្ស៊ិក រវ៉ាន់ដា និងប្រទេសជីប៊ូទី។
នៅចំពោះមុខពលរដ្ឋភៀសសឹក លោកជំទាវអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូន បានបង្ហាញក្តីអាណិតអាសូរ និងបានទទួលស្គាល់ពីទុក្ខលំបាកដែលជនភៀសសឹកកម្ពុជាកំពុងប្រឈម នៅពេលដែលប្រទេស Rwanda (រវ៉ាន់ដា) របស់លោកជំទាវធ្លាប់បានឆ្លងកាត់បញ្ហាដូចគ្នា ហើយក្រុមគ្រួសាររបស់លោកជំទាវក៏មានបទពិសោធន៍ដូចពលរដ្ឋកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ «ចង់ឱ្យស្ថានភាពដ៏លំបាក»ដែលប្រជាពលរដ្ឋកម្ពុជាកំពុងជួបប្រទះនេះ ត្រូវបានដោះស្រាយបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅរកជីវិតធម្មតាវិញ»។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ដែលបានអមដំណើរគណៈប្រតិភូអង្គការហ្វ្រង់កូហ្វូនី បានគូសបញ្ជាក់ដល់ពលរដ្ឋភៀសសឹកថា រាជរដ្ឋាភិបាល «ខិតខំធ្វើយ៉ាងម៉េចរកដំណោះស្រាយដោយសន្តិវិធី»ដើម្បីពលរដ្ឋទាំងនេះអាចវិលត្រឡប់ទៅកាន់លំនៅស្ថានពួកគេវិញក្នុងពេលខាងមុខ៕
ដោយ៖ង៉ាន ទិត្យ -សៅ សុខអេង
