ភ្នំពេញ៖ សង្គ្រាមនៅអ៊ីរ៉ង់ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងដៃគូ អ៊ីស្រាអែល នឹងរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដែលនឹងបង្កឱ្យមានកំណើនអតិផរណាសកល រួមទាំងសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។នេះគឺជាការវាយតម្លៃរបស់អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា៣ថ្ងៃក្រោយពីការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានេះ។
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានកត់សម្គាល់ឃើញថាក្រោយការផ្ទុះឡើងនៃជម្លោះនៅអ៊ីរ៉ង់ តម្លៃប្រេងសាកល បានហក់ឡើងប្រមាណ ១០ភាគរយ ឬកើនប្រហែល ៨០ដុល្លារក្នុងមួយបារ៉ែល។ លោកថាបើសង្គ្រាមបន្តអូសបន្លាយនោះមិនត្រឹមតែប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សាកល ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជាផងដែរ។
លោកថ្លែងថា «តាមហេតុផលសេដ្ឋកិច្ចពេលតម្លៃប្រេងឡើងនឹងធ្វើឱ្យថ្លៃដឹកជញ្ជូន និងថ្លៃផលិតកម្មកើនឡើង ហើយជំរុញឱ្យអតិផរណាកើនឡើងដែរ»។
ចំណែកលោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច កត់សម្គាល់ថា តម្លៃប្រេងឡើងថ្លៃនេះ នឹងរុញសន្ទុះអតិផរណាកាន់តែឡើងខ្ពស់ថែមទៀត។
លោកស្រីថ្លែងថា«រឿងអតិផរណាគឺជៀសមិនរួចទេវាមានរាល់តែឆ្នាំហ្នឹង។ ហើយបើសិនជាមានបញ្ហាប្រេងឡើងថ្លៃ អតិផរណាអាចឡើងខ្ពស់ជាងនេះទៅទៀត»។
ចំណែក លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា មើលឃើញថាជម្លោះវាងអាម៉េរិក-អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់នឹងជិះឥទ្ធិពលមកលើភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភបំផុតនោះ គឺជម្លោះនេះ អាចធ្វើឱ្យប្រទេសមហាអំណាចលែងសូវចាប់អារម្មណ៍លើការដោះស្រាយវិវាទព្រំដែនរវាងកម្ពុជា-ថៃ។
លោកបណ្ឌិតបន្តថា «អ្វីដែលយើងបារម្ភមែនទែន ដោយសារតែសហគមន៍អន្តរជាតិផ្ដោតការយកចិត្តទុកដាក់ទៅលើតំបន់មជ្ឈិមបូព៌ា។ ប្រហែលគេភ្លេចយកចិត្តទុកដាក់ នឹងផ្ដល់សារសំខាន់លើភាពរងគ្រោះនៃកម្ពុជាយើង»។
ច្រកសមុទ្រ Hormuz គឺជាច្រកនាំចេញប្រេងដ៏សំខាន់ ឬស្មើនឹងប្រហែល ២០ភាគរយ នៃប្រេងដែលផ្គត់ផ្គង់លើពិភពលោក។ បើតាមការប៉ានស្មានរបស់អ្នកជំនាញសេដ្ឋកិច្ច ការអូសបន្លាយជម្លោះនៅអ៊ីរ៉ង់ អាចនឹងធ្វើឱ្យតម្លៃប្រេងអាចបន្តហក់ឡើងចន្លោះពី ១០០ដុល្លារក្នុងមួយបារ៉ែល រហូតដល់ ១៥០ដុល្លារ ក្នុងមួយបារ៉ែល៕
ដោយ៖ខន ណារី