បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប ។

Advertisement

កិច្ចប្រជុំកំពូលនេះ រៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេល ២ថ្ងៃ ក្រោម​ប្រធាន​បទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំ ដែល​នឹងជជែកពិភាក្សាពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅ​នឹងបញ្ហា​ប្រឈម​នាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត ។

កិច្ចប្រជុំកំពូលនេះ នឹង​ពិភាក្សា និងចែករំលែកនូវព័ត៌មាននានា ពីមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ក៏ដូចជាអ្នកធ្វើ​ធុរកិច្ច។ កិច្ចពិភាក្សា នៃកិច្ចប្រជុំកំពូលធុរកិច្ច ក៏នឹងផ្តោតលើសក្តានុពល អាស៊ាន និង «យុទ្ធសាស្ត្រ​កម្ពុជា» ដោយលើកយកប្រធានបទសំខាន់ៗមួយចំនួន មកជជែកពិភាក្សារួមមាន៖ ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ «ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាតការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់», នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ «ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម», សមាហរណកម្មតំបន់៖ «កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍», ការវិវត្តនៃកម្លាំងពលកម្ម៖ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប» ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្ម​ជាង ៦៥.២៤ពាន់លាន​ដុល្លារ​អា​ម៉េ​រិក កើនឡើង ១៧.៦៦% បើទោះបីស្ថិតក្នុងបរិការណ៍ដ៏លំបាក នៃសង្គ្រាមឈ្លានពានរបស់​ប្រទេស​ថៃ និងរំខានដោយបញ្ហាដ៏ស្មុគស្មាញ របស់សកលលោកយ៉ាងណាក្តី ។

ពេញមួយឆ្នាំ២០២៥ កម្ពុជា បាននាំចេញ​ទំនិញ​សំខាន់ៗ​សម្រេច​​បានទឹកប្រាក់ចំនួន ៣១.២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦.៩៥% និង​ការនាំ​ចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២%។ ទីផ្សារនាំចេញសំខាន់ៗរបស់ កម្ពុជា រួមមាន៖ អាស៊ាន, អូស្រ្តាលីលី, ចិន, ជប៉ុន, សាធារ​ណ​រដ្ឋកូរ៉េ, ណូវែលហ្សេឡង់, សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, សហរដ្ឋអាម៉េរិក, កា​ណា​​ដា, អេមីរាត់អារ៉ាប់រួម និងឥណ្ឌា។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន៖ ១) សម្លៀកបំពាក់ ២) វាយនភ័ណ្ឌ ៣)ស្បែក​ជើង ៤) សម្ភារៈធ្វើដំណើរនិង កាបូប ៥) សំបកកង់រថយន្ត ៦) ស្វាយចន្ទី ៧) អង្ករ ៨) ដំឡូង​មី និង៩) គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។

សម្រាប់ការវិនិយោគវិញ ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៦៣០គម្រោង កើន៥​២​% ក្នុងទំហំទុនវិនិយោគសរុប១០ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលណៈកម្មាធិការវិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំ​ទុន​វិនិយោគសរុបប្រមាណ ៦.៩ប៊ីលានដុល្លារអាម៉េរិក ៕

អត្ថបទ៖ វណ្ណលុក
រូបថត៖ AKP

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា