ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តយុវជនឱ្យ ក្លាយជាអ្នក ផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល និងជាអ្នកផ្សព្វផ្សាយអំពីតម្លៃនៃវប្បធម៌ខ្មែរនៅលើឆាកជាតិ និងអន្តរជាតិ ។បន្ថែមលើនេះ យើងគួរជំរុញឱ្យ ពលរដ្ឋម្នាក់ ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់ ។
ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ៣មីនា ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៧ នៅសាល សន្និសីទចតុម្មុខនារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យជំរុញការប្រើប្រាស់ឌីជីថលជាជំនួយដល់វិស័យសិល្បៈ ។ឯកឧត្តមបញ្ជាក់ប្រាប់អ្នកចូលរួមថា ឌីជីថលូបនីយកម្មក្នុងវិស័យសិល្បៈវប្បធម៌ មិនត្រឹមតែជួយដល់ពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញដល់ការទស្សនា សិក្សាស្វែងយល់របស់ភ្ញៀវប៉ុណ្ណោះទេ តែថែមទាំងអាចផ្សព្វផ្សាយពីវប្បធម៌ខ្មែរយើងទៅកាន់ពិភពលោកបានយ៉ាងទូលំទូលាយនិងឆាប់រហ័ស និងជួយដល់ការអភិរក្ស ថែរក្សាកេរដំណែលដ៏មានតម្លៃរបស់យើង ឱ្យបានគង់វង្ស យូរអង្វែង សម្រាប់ជំនាន់បច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយថែមទៀតផង។
ជាការកត់សម្គាល់របស់ឯកឧត្តម ហ៊ុន ម៉ានី គឺក្នុងរយៈពេលចុងក្រោយនេះបានសង្កេតឃើញនូវការប៉ុនប៉ងយកមរតកវប្បធម៌របស់ជាតិទៅបកស្រាយខុសពីប្រភពដើម។
ឯកឧត្តមគូសបញ្ជាក់ថា វប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលជួយបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ទឹកដីយ៉ាងពិតប្រាកដ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលមានការរំលោភបំពានលើបូរណភាពទឹកដី និងការប៉ុនប៉ងឆ្លៀតឱកាសលួចបន្លំអត្តសញ្ញាណជាតិខ្មែរពីសំណាក់ប្រទេសជិតខាង។ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ដើម្បីការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរឱ្យបានគង់វង្ស យូរអង្វែង ដោយយើងត្រូវមានភាពច្បាស់លាស់អំពីអត្តសញ្ញាណជាតិ ហើយយើងពិតជាមានភាពចាំបាច់ក្នុងការពង្រឹងស្មារតីជាតិ តាមរយៈការលើកស្ទួយវប្បធម៌ ។
ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦ ប្រារព្ធឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។កម្ពុជាបានប្រារព្ធទិវានេះ ១១ឆ្នាំមកហើយ។លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា ក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់ និងកែច្នៃវប្បធម៌បរទេសឱ្យស្របតាមគន្លងវប្បធម៌ជាតិដ៏ថ្លៃថ្លារបស់យើង។ យើង ត្រូវលើកទឹកចិត្តយុវជនឱ្យចេះបែងចែករវាងការទទួលយកអ្វីដែលថ្មី និងការបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលយុវជនមានមោទនភាពចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការច្នៃប្រឌិតថ្មីៗ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ