បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការងារ និង UNDP សហការក្នុងការពង្រឹងការគ្រប់គ្រងមូលនិធិសោធនឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព

ក្រសួងការងារ និង UNDP សហការក្នុងការពង្រឹងការគ្រប់គ្រងមូលនិធិសោធនឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)បានរួមគ្នា ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញ និងផ្ដួចផ្ដើមការងារយុទ្ធសាស្ត្រចំនួនពីរក្នុងនោះមានទី១ ការធ្វើពិពិធកម្មការវិនិយោគនៃមូលនិធិសោធន ដើម្បីធានានូវនិរន្តរភាព និងការរីកលូតលាស់នៃកញ្ចប់ថវិកាសោធនសម្រាប់បងប្អូនកម្មករនិយោជិត និងទី២ ការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងប្រទេសកម្ពុជា ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលស្ថាប័នទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

Advertisement

ការប្តេជ្ញាក្នុងការពង្រឹងការគ្រប់គ្រងនេះធ្វើឡើងកាលពីថ្ងៃ ទី៣ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាស ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ UNDP ដែលផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យជាច្រើន ដែលក្នុងនោះវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: ក៏ជាអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់និងផ្តល់ការគាំទ្រផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលកំពុងពង្រីកវិសាលភាពគ្របដណ្ដប់កាន់តែទូលំទូលាយ។ ឯកឧត្តមបានសង្កត់ធ្ងន់ពីភាពចាំបាច់ និងការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងមូលនិធិសន្តិសុខសង្គម ដោយបានគូសបញ្ជាក់ថា៖ «ថវិកាទាំងនេះមិនមែនត្រឹមតែជាភាគទាននោះទេ តែវាជាប្រាក់សន្សំដ៏មានតម្លៃរបស់កម្មករនិយោជិត ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយតម្លាភាព និងហ្មត់ចត់បំផុត ដើម្បីធានាថាប្រាក់សន្សំទាំងនេះនឹងកើនឡើងជាផ្លែផ្កា សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគាត់នៅពេលឈានដល់វ័យចូលនិវត្តន៍»។

លោក អេនរីកូ បានអះអាងថា តាមរយៈបណ្តាញអ្នកជំនាញគោលនយោបាយសកលរបស់ខ្លួន, UNDP ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការរចនាឧបករណ៍ហិរញ្ញវត្ថុទំនើបៗ ដែលអាចតភ្ជាប់ធនធានជាតិទៅនឹងជម្រើសវិនិយោគប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត។

ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើផែនការយុទ្ធសាស្ត្រទាំងនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង សំដៅលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិទាំងមូល ដោយផ្តោតលើការងារស្នូលចំនួនពីរ រួមមាន៖ ទី (១) ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីតាមដាន និងគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់មូលនិធិឱ្យកាន់តែមានតម្លាភាព និង (២) ការសិក្សាយ៉ាងល្អិតល្អន់ពីជម្រើសនៃការវិនិយោគប្រកបដោយសុវត្ថិភាព តាមរយៈការរៀនសូត្រពីបទពិសោធជោគជ័យរបស់បណ្តាប្រទេសនានា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ទស្សនទានយ៉ាងច្បាស់ថា នៅក្នុងការវិនិយោគតាមគោលការណ៍ ESG និង សុវត្ថិភាព និងសុខភាពការងារ (OSH) របស់កម្មករនិយោជិត ត្រូវតែចាត់ទុកជាស្នូលកណ្តាល ព្រោះការការពារសុខុមាលភាពមនុស្សនៅកន្លែងធ្វើការ គឺជាមូលដ្ឋានគ្រឹះពិតប្រាកដដែលនាំទៅរកការអភិវឌ្ឍសង្គម និងបរិស្ថានប្រកបដោយចីរភាព៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា