ភ្នំពេញ៖កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបង្ក្រាបទីតាំងសង្ស័យឆរបោកតាមបច្ចេកវិទ្យា(online scam)ក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញចំនួនពីរករណីផ្សេងគ្នាដែលមួយកន្លែងនៅភូមិសាស្រ្តខណ្ឌសែនសុខ និងមួយកន្លែងទៀតនៅខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនជាតិ កូរ៉េខាងត្បូងសរុបចំនួន១០នាក់។
ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានបញ្ជាក់ថា ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ទាំង១០នាក់នេះ ចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ111R ផ្លូវ372 ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ និងកាលពីថ្ងៃទី២ ខែមីនា ចំនួន៥នាក់ទៀត ផ្សេងទៀត ត្រូវបានឃាត់ខ្លួន នៅបុរីពិភពថ្មី ផ្ទះលេខ ២៩ និង ៣១ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ពួកគេ គឺជាក្រុមតែមួយ។
ប្រភពដដែលបន្តថា ការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថវិកាចំនួន ១៩,៧០០ ដុល្លារអាម៉េរិក, ធុង CPU ចំនួន៨គ្រឿង, ម៉ូនីទ័រ ចំនួន១៨គ្រឿង, កុំព្យូទ័រយួរដៃចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៤គ្រឿង និងលិខិតឆ្លងដែន ចំនួន៦ច្បាប់។
តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានបង្កើត គេហទំព័រ(Website) ដើម្បីបម្រើឱ្យសកម្មភាពល្បែងស៊ីសង អនឡាញ ដែលជាទង្វើខុសច្បាប់ និងប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា សម្រាប់ការប្រព្រឹត្តសកម្មល្បែងស៊ីសងអនឡាញខុសច្បាប់នេះ ក្នុងទិសដៅទៅប្រទេសកូរ៉េខាងត្បូង និងប្រទេសផ្សេងៗ។
ក្នុងចំណោមជនសង្ស័យទាំង១០នាក់នោះ ឈ្មោះ គីម ចាងហាន់(Kim Changhan) ជាមេខ្លោង ហើយមានដីកា ចាប់ខ្លួនពីបទប្រតិបត្តិវេបសាយល្បែងស៊ីសងខុសច្បាប់ ត្រូវបាន ស្ថានកុងសុល និងអនុព័ន្ធប៉ូលីសកូរ៉េខាងត្បូង ស្នើសុំមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងការបញ្ជូនជនសង្ស័យទាំងនេះចេញពីប្រទេសកម្ពុជា ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ នៅប្រទេសដើមរបស់ពួកគេវិញ។
គួររំលឹកដែរថា ក្នុងប្រតិបត្តិការបង្ក្រាប online scamករណីផ្សេងទៀត កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យចំនួន២៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្នុងនោះជនជាតិចិន ៦នាក់ឃាត់ខ្លួនពី អគារThe peak tower២, ឥណ្ឌូណេស៊ី ៦នាក់ ពីអគារ The bridge និងជនជាតិឥណ្ឌូណេស៊ី ចំនួន១២នាក់ ពីអគារ Noden hotel and apartment ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីចំពោះករណីទាំងនេះ ដោយអនុវត្តតាមច្បាប់ ជាធរមានរបស់កម្ពុជា។
គួរបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ កាលពីព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន។កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕
ដោយ៖ង៉ាន ទិត្យ