ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត មានប្រសាសន៍ថា សភាពការណ៍តំបន់ និងពិភពលោក ជាពិសេសការវិវត្តគួរឱ្យកត់សម្គាល់នៃបម្រែបម្រួលភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញ និងវិបត្តិសង្រ្គាមនៅលើសកលលោក នឹងបង្កផលវិបាកជាយថាហេតុដល់កម្ពុជា។ ឯកឧត្តមរំលឹកពីការឈ្លានពានរបស់យោធាថៃ ដោយចូលកាន់កាប់យ៉ាងជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ក្រោយមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រាសាទបុរាណ និងបង្កឱ្យមានការបាត់បង់អាយុជីវិតប្រជាជនស៊ីវិល។ ដូច្នេះ ក្នុងនាមជាជនជាតិខ្មែរ យើងត្រូវរួបរួមគ្នាជាធ្លុងមួយ និងបន្តជឿជាក់លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសុវត្ថិភាពរបស់ប្រជាជន ព្រមទាំងខិតខំដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ។
នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីល្ងាច ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះ ក្នុងពិធីផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» ដល់គណៈកម្មាធិការគណបក្សក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានវត្តមានចូលរួមពីសំណាក់ ប្រធាន អនុប្រធាន សមាជិក និងសមាជិកា គ្រប់សាខាគណៈកម្មាធិការគណបក្សនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងឱកាសនេះដែរ ឯកឧត្តម បានណែនាំដល់គ្រប់សាខាគណៈកម្មាធិការគណបក្សនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបន្តខិតខំបំពេញការងារបន្ថែមទៀត ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរដ្ឋាភិបាល៕
ដោយ៖ ង៉ាន់ ទិត្យ