បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បរិមាណគ្រឿងញៀនពី៨០ទៅ៨៥%ដែលចរាចរនៅកម្ពុជា គឺមានគោលដៅបញ្ជូនទៅប្រទេសទី៣

បរិមាណគ្រឿងញៀនពី៨០ទៅ៨៥%ដែលចរាចរនៅកម្ពុជា គឺមានគោលដៅបញ្ជូនទៅប្រទេសទី៣

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ទម្រង់ និងគ្រប់រូបភាព រហូតទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។

Advertisement

យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ២០២៥ ការបង្ក្រាបបទល្មើសគ្រឿងញៀនជារួមសម្រេចបានជាង១មឺនករណី គឺកើនឡើង១% ប៉ុន្តែបរិមាណគ្រឿងញៀនចាប់យក បានថយចុះ៦០,៤៥% មកនៅត្រឹមជិត ៦តោនប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៤។ គ្រឿងញៀនចរាចរឆ្លងកាត់តាមព្រំដែនគោកមានប្រមាណ ៥៤% តាមផ្លូវអាកាស ១% តាមបញ្ញើប្រៃសណីយ៍ ១% ហើយករណីកែច្នៃផលិត ៣៩% និងករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ក្នុងផ្ទៃប្រទេសប្រមាណ៥%។

គ្រឿងញៀនដែលបានរឹមអូស មានដូចជាប្រភេទមេតំហ្វេតាមីន កតាមីន និងហេរ៉ូអ៊ីន ដែលមានប្រភពពីតំបន់ត្រីកោណមាស ដោយឡែក កូកាអ៊ីន មានប្រភពពីអាមេរិកខាងត្បូង និងអាមេរិកកណ្ដាល ហើយកេតាមីន និងម៉ិចស្តាស៊ី មួយចំនួនមានប្រភពពីតំបន់អឺរ៉ុប។

របាយការណ៍ដដែលបង្ហាញថា នៅឆ្នាំមុន បរិមាណគ្រឿងញៀនពី ៨០ ទៅ ៨៥% ដែលចរាចរនៅកម្ពុជា គឺមានគោលដៅបញ្ជូនទៅប្រទេសទី៣ ហើយមានតែពី ១៥ ទៅ ២០% ប៉ុណ្ណោះ ដែលប៉ុនប៉ងជួញដូរនៅក្នុងប្រទេស។ កត្តានេះសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងដើរតាមមាគ៌ាដ៏ត្រឹមត្រូវក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងឈានទៅសម្រេចបានគោលដៅវិសិដ្ឋមួយ គឺកម្ពុជាគ្មានគ្រឿងញៀននាពេលអនាគត។

យោងតាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដើម្បីសម្រេចបានលទ្ធផលទាំងនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអនុវត្តយុទ្ធសាស្ត្រ និងវិធានការជាច្រើន ក្នុងនោះមានការបង្កើតចលនាជាតិប្រឆាំងគ្រឿងញៀននិងស្មារតីចូលរួមពីគ្រប់វិស័យ ការពង្រឹងការផ្សព្វផ្សាយអប់រំតាមប្រព័ន្ធឌីជីថល និងការដាក់ឲ្យដំណើរការប្រព័ន្ធរាយការណ៍តាមកម្មវិធី NoDrug App ដើម្បីបង្កើតស្ពានតភ្ជាប់រវាងប្រជាពលរដ្ឋជាមួយសមត្ថកិច្ច។

ជាមួយគ្នានេះ ការរឹតបន្តឹងវិធានការរដ្ឋបាល និងច្បាប់ បានធ្វើឱ្យការប្រើប្រាស់គ្រឿងញៀនតាមក្លឹបកម្សាន្ត និងការលបលួចកែច្នៃផលិតត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង រីឯគោលការណ៍សម្អាតចកចេញពីបឹងបានធ្វើឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្លាយជាមន្ត្រីស្អាតស្អំ និងជាគំរូនៃការអនុវត្តច្បាប់៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា