ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងគិតគូរយកចិត្តទុកដាក់កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងបៃតងប្រកបដោយនិរន្តរភាព ក្នុងគោលដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងមានបរិយាកាសរស់នៅល្អ គ្មានការកកស្ទះចរាចរណ៍ ការជន់លិច ឬសំណង់មិនរៀបរយ។ ទីក្រុងបៃតងនឹងមានលក្ខណៈអំណោយផលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានសុខភាពផ្លូវចិត្តល្អ មានសីលធម៌ សុជីវធម៌ និងទំនាក់ទំនងល្អ ព្រមទាំងមានក្តីស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក។
ចំណុចទាំងនេះត្រូវបានលើកយកមកពិភាក្សានៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងកាលពីថ្ងៃទី៥ មីនា នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គូសបញ្ជាក់ថា ការជួបជុំនេះគឺជាឱកាសក្នុងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ហើយសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងអាចយល់ដឹងបានកាន់តែច្បាស់ពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍទីក្រុងបៃតងប្រកបដោយនិរន្តរភាព។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានណែនាំដល់វិស្វករ ស្ថាបត្យករ និងអ្នកសេដ្ឋកិច្ចទាំងអស់ថា មុននឹងកសាងទីក្រុងបៃតងប្រកបដោយនិរន្តរភាព គឺត្រូវគិតគូរអំពីសេដ្ឋកិច្ច និងប្រភពចំណូលរបស់ទីក្រុងជាមុនសិន។ ជាមួយគ្នានេះ ការកសាងទីក្រុងបៃតងបាន លុះត្រាតែគិតគូរធ្វើយ៉ាងណាឱ្យទីក្រុងមានបរិយាកាសរស់នៅល្អប្រសើរ ប្រជាពលរដ្ឋមានសុខភាពផ្លូវចិត្តល្អ និងទទួលបានការសិក្សាអប់រំ ព្រមទាំងមានវប្បធម៌ អរិយធម៌ សីលធម៌ និងសុជីវធម៌ល្អ ហើយចេះគោរពស្រឡាញ់គ្នាទៅវិញទៅមក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យចូលរួមបញ្ចេញមតិយោបល់ថ្មីៗ និងស្វែងយល់អំពីយុទ្ធសាស្ត្រនៃការកសាងទីក្រុងបៃតងប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកជំរុញកិច្ចការនេះឱ្យសម្រេចបានជោគជ័យស្របតាមស្ថានភាពជាក់ស្ដែងនៃសង្គមកម្ពុជា។
ឯកឧត្តមជឿជាក់ថា ជាមួយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ នាពេលខាងមុខ ប្រជាពលរដ្ឋខ្មែរជាច្រើននឹងកាន់តែស្រឡាញ់ការរៀបចំទីក្រុង។ ឯកឧត្តមគូសបញ្ជាក់ថា ចំពោះកិច្ចការនេះ គឺយើងត្រូវតែធ្វើដោយខានមិនបាន ប៉ុន្តែកុំស្មុគស្មាញ ឬតានតឹងពេក ដោយត្រូវធ្វើតាមជំហានៗ, ក្នុងនោះត្រូវធ្វើយ៉ាងណាកសាងប្រព័ន្ធបង្ហូរទឹកកខ្វក់ខ្វាត់ខ្វែងក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជៀសកុំឱ្យមានទឹកជន់លិចនៅពេលភ្លៀង, ហើយត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បន្ថែម ដើម្បីបញ្ជៀសការកកស្ទះ។
ការដោះស្រាយបញ្ហាទាំងនេះនឹងរួមចំណែកដោះស្រាយបញ្ហាសំណង់មិនរៀបរយបានកាន់តែច្រើនជាងមុនផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានសង្កត់ធ្ងន់ថា ក្រសួងរៀបចំដែនដីនឹងបន្តដោះស្រាយផ្ដល់ជម្រកដល់អ្នកគ្មានជម្រក ដើម្បីផ្ដល់ឱកាសដល់អ្នករស់នៅក្នុងសំណង់មិនរៀបរយ អាចមានទីកន្លែងរស់នៅសមរម្យ ប្រកបដោយសេចក្តីសុខ គ្មានអំពើហិង្សា គ្មានគ្រឿងញៀន គ្មានជំងឺឆ្លង និងគ្មានការបៀតបៀនផ្សេងៗ៕
អត្ថបទ : វណ្ណា
រូបភាព : សម្បត្តិ