ភ្នំពេញ៖អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ ដែលជាអគារទី២ ក្នុងគម្រោងទី៣ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េដែលជានវានុវត្តន៍ថ្មីមួយទៀត រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗត្រូវបានប្រារព្ធពិធីចាប់ផ្តើមសាងសង់ជាផ្លូវការ ។
អគារមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា ត្រូវបាន រៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា រួមជាមួយឯកឧត្តម គីម ឆាងយ៉ុង
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
អគារដែលត្រូវសាង់សង់មានកម្ពស់ ២៤,៧ម៉ែត្រ ទទឹង ៣៧,៨០ ម៉ែត្រ និងបណ្តោយ ៧៦.៨០ម៉ែត្រ ស្មើនឹង៥ជាន់ រាប់ទាំងជាន់ក្រោមដី។ គិតជាផ្ទៃក្រឡាសរុបស្មើនឹង ៩,០៥៣ ម៉ែត្រការ៉េតាមជាន់នីមួយៗ ។អគារមានការបែងចែកមុខងារដាច់ដោយឡែកពីគ្នាដូចជា៖ជាន់ផ្ទាល់ដី៖ ផ្នែកពិគ្រោះជំងឺក្រៅផ្នែកឯកទេសរោគកុមារ ផ្នែកឱសថស្ថានសម្រាប់ជំងឺសម្រាកពេទ្យ កន្លែងទទួលភ្ញៀវ និងអាហារដ្ឋានសម្រាប់បុគ្គលិកនៅចន្លោះរវាងអគារមិត្តភាពកម្ពុជា-កូរ៉េទី១ និងទី២នេះ។
-ជាន់ទី១៖ ផ្នែកស្ដារតាលទ្ធភាពពលកម្ម ផ្នែកលាងឈាម និងជំងឺតម្រង់នោម និងបន្ទប់វះកាត់ផ្នែក និងត្រចៀក ច្រមុះ បំពងក។
-ជាន់ទី២៖ ផ្នែកជំងឺមហារីកុមារ មាន ៣២ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែកចំនួន ១ និងផ្នែកជំងឺលោហិតសាស្ត្រ និងប្រព័ន្ធការពារមាន ៣០គ្រែ។ -ជាន់ទី៣៖ ផ្នែកជំងឺប្រដាប់រំលាយអាហា មាន ៣៤ គ្រែ និងផ្នែកកង្វះអាហារូបត្ថម្ភមាន ៣០គ្រែ និង-ជាន់ទី៤៖ ផ្នែកជំងឺផ្លូវដង្ហើមទីទី១ មាន ៣៤ គ្រែ និងផ្នែកជំងឺផ្លូវដង្ហើមទីទី២ មាន ២៨ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែកចំនួន ១។
ក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាលបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលតែងតែខិតខំប្រឹងប្រែង សម្របសម្រួលឱ្យទទួលបានហិរញ្ញប្បទាន បន្ថែមគាំទ្រវិស័យសុខាភិបាលកន្លងមក និងនាពេលអនាគត ជាក់ស្តែងការអភិវឌ្ឍធនធានមនុស្ស ការជួយពង្រឹង គុណភាពសេវា ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាពេទ្យថ្មីៗដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេស៕
ដោយ៖ ហេង សម្បត្តិ