រាជរដ្ឋាភិបាលកម្ពុជា និងគូអភិវឌ្ឍន៍កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយស្តារជីវភាពពលរដ្ឋភៀសសឹកឡើងវិញក្រោយរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។

រាជរដ្ឋាភិបាលកម្ពុជា និងគូអភិវឌ្ឍន៍កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយស្តារជីវភាពពលរដ្ឋភៀសសឹកឡើងវិញក្រោយរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ បានបង្ហាញការស្វាមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិទាំងអស់ក្នុងការចូលរួម និងសហការការស្តារជីវភាពរបស់ពលរដ្ឋភៀសសឹក ដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។

នៅក្នុងកិច្ចប្រជុំជាមួយតំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយផលលំបាកនានារបស់ពលរដ្ឋរងគ្រោះ ទាំងបញ្ហាប្រឈមចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង។ ក្នុងកិច្ចការនេះ កម្ពុជាកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធាន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជា បណ្ដាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន។

ក្រៅពីអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំ ការផ្តល់ជំនួយនានារបស់បណ្តាដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ជាពិសេសលើការងារស្តារហេដ្ឋារចនាសម្ព័ន្ធ ជាអាទិ៍ ផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ ដែលរងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់ថៃ ព្រោះហេដ្ឋរចនាសម្ព័នទាំងនេះ មានភាពចាំបាច់សម្រាប់លើកកម្ពស់វិស័យអប់រំ សុខាភិបាល និងជីវភាពរស់នៅប្រចាំថ្ងៃ។

ដូចនេះ ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ ស្វាគមន៍ និងត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការ និងសម្របសម្រួល នូវរាល់ការចូលរួមនានារបស់ដៃគូ និងបណ្តាប្រទេសជាមិត្ត ដើម្បីស្តារជីវភាពរបស់ពលរដ្ឋភៀសសឹក៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា





