ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី បានលើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិស្មើគ្នា និងឱកាសទទួលបានការអប់រំ ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងការចូលរួមគ្រប់វិស័យ ខណៈស្ត្រី មិនត្រឹមតែជាកម្លាំងសំខាន់ ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដ៏មានតម្លៃ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងស្ថាប័នផងដែរ ដោយសារស្ត្រី មានភាពអត់ធ្មត់ ប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ ដែលជាគុណតម្លៃដ៏សំខាន់ ក្នុងការថែរក្សាសុខសន្តិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។
ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ធនាគារជាតិនៃកម្ពុជា តែងតែរៀបចំ ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០២៦ សម្រាប់មន្រ្តី បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជា ដើម្បីផ្ដល់ឱកាសឱ្យមន្រ្តីបុគ្គលិក បានជួបជុំសំណេះសំណាលគ្នា ក៏ដូចជាចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ព្រមទាំងលើកកម្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកជានារីនៅធនាគារជាតិនៃកម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង អភិវឌ្ឍ និងលើកកម្ពស់វិស័យធនាគារ និងសង្គមជាតិកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។
លោកជំទាវមានប្រសាសន៍ថា ឆ្នាំនេះ ធនាគារជាតិប្រារព្ធទិវានេះ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់ មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បងនាំឱ្យស្រ្តី និងក្រុមគ្រួសារទទួលបានការរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជាកត្តាជំរុញដល់ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងការកសាង ថែរក្សា និងការពារសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាព។
លោកជំទាវបញ្ជាក់ថា ស្របតាមទិសដៅនេះ ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ លើការលើកកម្ពស់ស្ត្រី និងសមភាពយេនឌ័រ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងក្នុងការគាំទ្រ ការអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជា ជានិច្ចកាលតែងតែសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រ និងបង្កើតកម្មវិធីនានា សម្រាប់លើកកម្ពស់ស្រ្តី និងការពង្រឹងឱកាសឱ្យស្ត្រី អាចទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងរួមចំណែក ជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ការងារនេះ មិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់ស្ថិរភាព និងភាពធន់របស់សង្គម ផងដែរ ។
លោកជំទាវបណ្ឌិត បានបន្ថែមថា ទន្ទឹមនេះ យុទ្ធសាស្រ្តជាតិ ស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញ ដោយផ្តោតលើការលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលជាដើម។
គិតត្រឹមខែមករា ឆ្នាំ២០២៦ ចំនួនអ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ ៥៣.៧% ជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមានប្រមាណ ៥៨.៦% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារមានប្រមាណ ៥១.២% ជាស្រ្តី និងចំនួនអ្នកដាក់ប្រាក់បញ្ញើ ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៦៣.៩% ជាស្រ្តី។ ទាំងនេះ បង្ហាញពីសមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត