ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុង ៦០០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ។

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុង ៦០០គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ។
លើបណ្ដាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរថា ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមកដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រាជរដ្ឋាភិបាល បានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៦ដោយក្នុងនោះ៖ ១. សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS) ដោយប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង និង ២. សេវាដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដោយបែងចែកជាខ្សែរត់ធំៗ ចំនួន៦គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់មេត្តជ្រាប និងចូលរួមធ្វើដំណើរ ទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនានា តាមរយៈ រថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ប្រកបដោយសុវត្ថិភាព និងផាសុកភាពទាំងអស់គ្នា ៕
ដោយ៖វណ្ណលុក



