ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កោតសរសើរចំពោះបណ្ដាក្រុមហ៊ុនទាំងអស់ ដែលជាសមាជិករបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានខិតខំប្រឹងប្រែងដើម្បីធានាបាន នូវដំណើរការរបស់ក្រុមហ៊ុន និងសមាគមដែលជាកត្តាជំរុញដល់ដំណើរការទីផ្សារអចលនទ្រព្យនៅកម្ពុជា។
ផ្អែកតាមរបាយការណ៍ សព្វថ្ងៃនេះ ក្រសួងមានករណីវិវាទ ១៨៤គម្រោងដែលត្រូវដោះស្រាយ ក្នុងនោះបានដោះស្រាយរួចរាល់ចំនួន១៤៦គម្រោង ជាពិសេសគឺគម្រោរបស់បុរីឡេង ណាវ៉ាត្រា, បុរីម៉ន ដានី,និង បុរី VIP ដែលមានលក្ខណៈស្មុគស្មាញជាងគេ និងកំពុងដំណើរការបញ្ចប់ការដោះស្រាយ។
ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដីនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា គម្រោងដែលមានបញ្ហាត្រូវដោះស្រាយទាំងអស់នេះពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៣ម៉ឺនគ្រួសារដែលជាទូទៅ គឺជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន អាជីវករ ជាពិសេសគឺគូស្វាមីភរិយាថ្មី ដែលចង់មានផ្ទះរស់នៅផ្ទាល់ខ្លួន។
ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំអនុវត្តកិច្ចការនានាធ្វើឱ្យជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺនគ្រួសារ បានរីកចម្រើនថែមមួយកំរិតទៀត ដោយផ្ដល់ដី និងកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្សេងៗជូនដល់ពួកគាត់។
ទាក់ទិននឹងវិស័យអចលនទ្រព្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកៀរគរដៃគូទាំងអស់ឲ្យផ្ដោតទៅលើអ្នកមិនមានផ្ទះសម្បែងពិតប្រាកដ ជាពិសេសអ្នករស់នៅក្នុងសំណង់មិនរៀបរយ មិនមានលទ្ធភាពក្នុងការទិញលំនៅឋានរស់នៅ ដើម្បីធ្វើយ៉ាងណាផ្ដល់លទ្ធភាពដល់ពួកគាត់ឱ្យមានផ្ទះសម្បែងរស់នៅសមរម្យ។ នាពេលខាងមុខ ក្រសួងនឹងអាចចំណាយថវិកាក្នុងការកសាងគេហដ្ឋានចំនួន ១ ០០០ខ្នងជារៀងរាល់ឆ្នាំសម្រាប់ផ្ដល់ជូនអ្នកដែលមិនមានលទ្ធភាពទិញលំនៅឋានរស់នៅពិតប្រាកដ។
ដោយឡែក អតីតយុទ្ធជននៅខេត្តកែប កំពត និងខេត្តព្រះសីហនុចំនួន ១៥០គ្រួសារក៏នឹងមានលទ្ធភាពទទួល បានផ្ទះថ្មីនៅក្នុងភូមិដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ស្រាប់។ ផ្ទះថ្មីនេះកសាងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយផ្ទះនីមួយៗអាចនឹងកសាងចំណាយអស់ថវិកាប្រមាណពី ៥ ០០០ ដុល្លារទៅ ១ម៉ឺនដុល្លារ។
ទន្ទឹមនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំប្រឹងប្រែងកែសម្រួលចំណុចខ្វះខាតមួយចំនួន ដើម្បីជំរុញឱ្យឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាបានដំណើរការទៅមុខ តាមរយៈការបង្កលក្ខណៈផ្សេងៗសម្រាប់ជួយបង្កើនជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋឱ្យពួកគាត់មានលទ្ធភាពក្នុងការទិញផ្ទះសម្បែងតាមក្តីប្រាថ្នារបស់ខ្លួនបាន។ ក្រៅពីនេះ ក្រសួងនឹងបន្តដុសខាត់រាល់សេវាទាំងអស់របស់ក្រសួង ដើម្បីផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ងាយស្រួល និងឆាប់រហ័សថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា បណ្ដាក្រុមហ៊ុនដែលជាសមាជិករបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គឺជាអ្នកឈានមុខក្នុងការរៀបចំនូវឧស្សាហកម្មអចលនទ្រព្យ ដែលនឹងផ្ដល់ឱកាសការងារមានប្រាក់ចំណូលខ្ពស់ជូនដល់ប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពកសាងជីវិតគ្រួសារបែបថ្មីដ៏ល្អប្រសើរបាន។
ការអភិវឌ្ឍលំនៅឋាននៅកម្ពុជាបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ មក នៅពេលដែលប្រទេសយើងទទួលស្គាល់កម្មសិទ្ធិឯកជននិងធ្វើការចុះបញ្ជីដីធ្លីឡើងវិញ ព្រោះប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍលំនៅឋានផ្ទាល់ខ្លួនជាផ្ទះឈើ ផ្ទះល្វែង ផ្ទះវីឡាជាដើម។ ជាមួយនឹងការទទួលបាននូវសន្តិភាពពេញលេញលើផ្ទៃប្រទស ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក គម្រោងបុរីជាច្រើនបានរីកស្គុះស្គាយ ផ្តល់នូវជម្រើសលំនៅឋានកាន់តែសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការនៃស្រទាប់សង្គមជាតិ៕