ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» នៅទីស្តីការក្រសួងកសិកម្ម ។
ស្ថិតក្រោមមូលបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ» ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងក្តីសោមនស្សរីករាយចំពោះការប្រារព្ធពិធីនេះឡើង ដើម្បីជាការចងចាំ និងលើកទឹកចិត្តដល់ស្រី្តគ្រប់រូប ដែលដើរតួនាទីសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាពនិងសន្តិសុខទាំងក្នុងសាកលលោក និងប្រទេសក្នុងតំបន់ គឺជារឿងសំខាន់ចាំបាច់ ដែលទាមទារឱ្យថែរក្សាការពារ សំដៅមានការអភិវឌ្ឍន៍ឱ្យមានភាពរីកចម្រើន។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់លើសមភាពយេនឌ័រ ដោយត្រូវធ្វើការវាយតម្លៃឱ្យបានម៉ត់ចត់ និងស្វែងយល់អំពីស្ថានភាព និងការលំបាករបស់ស្ត្រីពីគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ ត្រូវផ្តល់ឱកាសការងារ និងផ្តល់អាទិភាពដល់បងប្អូនស្ត្រីដែលមានសមត្ថភាព អាចមានលទ្ធភាពបំពេញការងារបានពេញលេញ និងមានទំនួលខុសត្រូវ ដើម្បីឱ្យពួកគាត់អាចចូលរួមជាកម្លាំងជាមួយបុរស ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងសង្គមជាតិទាំងមូល ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់។
ជាទីបញ្ចប់ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានសហការការងារក្នុងវិស័យកសិកម្ម និងសូមជូនពរឱ្យទទួលបានសេចក្តីសុខ សុភមង្គល សន្តិភាព និងសន្តិសុខ ដល់ស្រ្តី និងគ្រួសារគ្រប់រូបក្នុងប្រទេសកម្ពុជា៕
ប្រភព៖ ក្រសួងកសិកម្ម