ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងដើម្បីអបអរសាទរទិវាអន្តរជាតិនារី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមីនា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់គ្រួសារភៀសសឹកជិត ៧០០ គ្រួសារ ក្នុងស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប ព្រមទាំងចាត់ចែងបញ្ជូនអំណោយជូនពលរដ្ឋភៀសសឹកជាង ២០០ គ្រួសារទៀត នៅខេត្តឧត្តរមានជ័យ។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ទោះបីជាការរស់នៅបណ្តោះអាសន្នក្នុងជំរំមានការលំបាក ប៉ុន្តែវាមានសុវត្ថិភាពជាងការប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ដែលប្រមុខថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាគ្រប់រូប តែងយកចិត្តទុកដាក់គិតគូរ និងកំណត់ជាអាទិភាពខ្ពស់បំផុត។
សម្ដេចបានជម្រាបជូនប្រជាពលរដ្ឋអំពីយន្តការ “ស្ងាត់តែមិនស្ងៀម” របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះតាមរយ:វិធីសាស្ត្រការទូតឆ្លាតវៃ ទន់ភ្លន់ និងច្បាប់អន្តរជាតិ ដើម្បីឱ្យពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញក្នុងពេលឆាប់ៗខាងមុខ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ “ជំនឿចិត្ត និងសាមគ្គីភាព” របស់ប្រជាពលរដ្ឋ ដោយសម្ដេចបានមានប្រសាសន៍ថា៖ «ក្នុងកាលៈទេសៈនេះ ការជឿជាក់លើរាជរដ្ឋាភិបាល និងការរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត ដើម្បីបង្កើនភាពខ្លាំង និងភាពធន់របស់ជាតិ តតាំងទៅនឹងសត្រូវឈ្លានពាន។
ជាមួយគ្នានេះ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា សម្តេចបានសង្កត់ធ្ងន់ថា ស្រ្តីគឺជាអ្នករងគ្រោះខ្លាំងជាងគេនៅពេលមានសង្គ្រាម ដូច្នេះការរក្សាសន្តិភាព គឺជាការការពារសិទ្ធិ និងតម្លៃរបស់ស្ត្រី។ ក្នុងអង្គពិធីក៏បានប្រារព្ធពិធីស្មឹងស្មាធ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់វីរយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារមាតុភូមិ។
សូមរំលឹកថា អំណោយមនុស្សធម៌ដែលចែកជូនដល់គ្រួសារភៀសសឹកទាំងនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប សរុបចំនួន ៨៣៦ គ្រួសារ នៅពេលនេះ គឺជាអំណោយមូលនិធិរដ្ឋសភា និងអំណោយផ្ទាល់ខ្លួនរបស់សម្ដេចប្រធានរដ្ឋសភា៕