ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានព្រមានថា ស្ថានីយប្រេងទាំងឡាយណាលួចឡើងថ្លៃលក់ប្រេងខុសពីការកំណត់ ស្ថានីយនោះនឹងប្រឈមការដកអាជ្ញាបណ្ណអាជីវកម្មទាំងស្រុង។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានព្រមានថា ស្ថានីយប្រេងទាំងឡាយណាលួចឡើងថ្លៃលក់ប្រេងខុសពីការកំណត់ ស្ថានីយនោះនឹងប្រឈមការដកអាជ្ញាបណ្ណអាជីវកម្មទាំងស្រុង។
ក្នុងឱកាសអញ្ជើញទៅខេត្តពោធ៍សាត់កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានសន្និធិ ឬស្តុកប្រេងបម្រុងសម្រាប់ប្រើប្រាស់ប្រមាណ២១ថ្ងៃ។ ដូច្នេះ បើទោះបីជាពេលណាមួយ កម្ពុជាមិនអាចនាំប្រេងចូលពីក្រៅសោះក៏ដោយ ក៏កម្ពុជានៅតែអាចប្រើប្រាស់សន្និធិបម្រុងនេះបានដែរ។
ទោះជាយ៉ាងណា ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន កម្ពុជានៅតែបន្តនាំប្រេងចូលរៀងរាល់ថ្ងៃ ដោយមិនមានប្រភពណាមួយបានបិទការនាំចូលនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានទទួលស្គាល់ថា តម្លៃប្រេងនៅលើទីផ្សារពិភពលោកកំពុងមាននិន្នាការឡើងថ្លៃ។ ដោយសារតែហេតុនេះ ប្រេងដែលនាំចូលថ្មីៗក៏មានតម្លៃខ្ពស់ជាងមុនផងដែរ។ ប៉ុន្តែ ឯកឧត្តមបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ឬប្រញាប់ប្រញាល់ទៅទិញប្រេងស្តុកទុកក្នុងផ្ទះ ព្រោះអាចបង្កហានិភ័យភ្លើងឆេះ ដែលអាចនាំឱ្យកើតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងការឡើងថ្លៃប្រេងទៅទៀត។
ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការកំណត់តម្លៃប្រេងមិនមែនស្ថិតនៅលើការសម្រេចចិត្តរបស់ម្ចាស់ស្ថានីយឡើយ ប៉ុន្តែវាត្រូវបានកំណត់ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រេង ស្របតាមតម្លៃប្រេងនាំចូល និងស្ថានភាពទីផ្សារអន្តរជាតិ។
ក្នុងពេលជាមួយគ្នានេះផងដែរ ក្រសួងរ៉ែ និងថាមពល កំពុងសហការជាមួយក្រសួងពាណិជ្ជកម្ម តាមការណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស ដើម្បីធានាថា មិនមានស្ថានីយណាលក់ប្រេងលើសពីតម្លៃដែលរដ្ឋបានកំណត់។ ស្ថានីយណាដែលបំពានច្បាប់ នឹងប្រឈមទាំងការពិន័យជាប្រាក់ និងការដកអាជ្ញាបណ្ណ បិទសិទ្ធិលក់ប្រេងជាអចិន្ត្រៃយ៍។
លើសពីនេះ ឯកឧត្តម កែវ រតនៈ បានព្រមានដល់បុគ្គលណា ដែលមិនមានអាជ្ញាបណ្ណលក់ប្រេង ប៉ុន្តែទិញប្រេង យកទៅលក់តាមផ្ទះ ឬលក់លើសតម្លៃ។ សកម្មភាពបែបនេះអាចប្រឈមនឹងការចាប់ខ្លួន ព្រោះមិនគោរពស្តង់ដាសុវត្ថិភាព ហើយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ សហការគ្នាក្នុងគ្រាលំបាក នេះ ដោយមិនឆ្លៀតឱកាសកេងប្រវ័ញ្ចគ្នាទៅវិញទៅមក។ ក្នុងសប្តាហ៍ខាងមុខ ក្រសួងនឹងចេញវិធានការបន្ថែមទៀតពាក់ព័ន្ធនឹងតម្លៃប្រេង ការផ្គត់ផ្គង់ និងការចែកចាយ។
ម៉្យាងទៀត លោកក៏បានព្រមានដល់ស្ថានីយណា ដែលស្តុតទុកប្រេងសាំងច្រើន ហើយបិទមិនលក់ ដើម្បីរង់ចាំឡើងថ្លៃ។ សកម្មភាពបែបនេះក៏អាចប្រឈមការដកអាជ្ញាបណ្ណ និងបិទសិទ្ធិលក់ប្រេងជាអចិន្ត្រៃយ៍ផងដែរ។
ដោយឡែក ពាក់ព័ន្ធនឹងវិស័យអគ្គិសនី លោកបានបញ្ជាក់ថា ទោះបីជាតម្លៃប្រេង និងធ្យូងថ្មនៅលើទីផ្សារពិភពលោកឡើងថ្លៃក៏ដោយ ក៏តម្លៃអគ្គិសនីនៅកម្ពុជានឹងមិនឡើងថ្លៃឡើយ ហើយការផ្គត់ផ្គង់អគ្គិសនីក៏មិនខ្វះផងដែរ។ បច្ចុប្បន្ន កម្ពុជាមានទឹកស្តុកនៅក្នុងអាងសម្រាប់ផលិតវារីអគ្គិសនីប្រមាណ៧០ទៅ៨០% ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពល ដូច្នេះប្រជាពលរដ្ឋមិនចាំបាច់ព្រួយបារម្ភឡើយ៕
ដោយ៖ ម៉ាដេប៉ូ និង វណ្ណលុក
