យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៦២% ហើយ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ នាថ្ងៃចន្ទ ទី៩ ខែមីនា ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង និងការចាប់ផ្តើមដឹកជញ្ជូនធ្នឹមស្ពានទៅត្រើយខាងកើត។
វឌ្ឍនភាពគម្រោងរួមមាន ៖
១). ផ្នែកគ្រឹះស្ពាន សម្រេច ១០០%
២). រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០ %
៣). រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន៤៧% ( ធ្នឹម T តម្លើង ១៨០ ដើម សម្រេចបាន ១៣០ និងធ្នឹម T ចាក់នៅកន្លែង ១៨០ ដើម សម្រេចបាន ៨៤)
៤).បណ្តាញផ្លូវសម្រេចបាន ៤៣ % (តភ្ជាប់ប្រវែង ៨០៤,៣០ម. សម្រេចបាន ៣៥% និងផ្លូវបង្វែរទិស ប្រវែង ១,៥៤ម. សម្រេចបាន ៣៦%)។
បច្ចុប្បន្ន ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការដឹកធ្នឹមស្ពានពីត្រើយខាងលិចទៅត្រើយខាងកើត។ ធ្នឹមស្ពានទាំងអស់មានចំនួន៩៦ដើម ដែលត្រូវដឹកជញ្ជូន។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ នៅពេលដែលការដោះស្រាយផលប៉ះពាល់ផ្នែកខាងកើតមិនអាចដោះស្រាយរួចរាល់តាមផែនការ ក្រុមហ៊ុនសាងសង់បានសម្រេចរៀបចំទីតាំងផលិតឆ្នឹមស្ពានរួមគ្នានៅផ្នែកខាងលិច ហើយត្រូវដឹកជញ្ជូនទៅដំឡើងស្ពាននៅផ្នែកខាងកើតវិញ។ ការដឹកជញ្ជូននេះនឹងត្រូវឆ្លងកាត់ មហាវិថី ឈុន គង់ (កំពុងសាងសង់) មហាវិថី សម្តេចតេជោ មហាវិថី ស៊ីជីនពីង និងផ្លូវលេខ១១០។
ក្នុងន័យនេះ ដើម្បីឱ្យការដឹកជញ្ជូនទាន់តាមផែនការគ្រោងទុក និងប្រកបដោយសុខសុវត្ថិភាព ក្រសួងបានស្នើឱ្យជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួយសម្រួលជូនក្រុមហ៊ុនសាងសង់៕