ភ្នំពេញ៖ វិបត្តិប្រេងឡើងថ្លៃ កំពុងបង្ខំឱ្យរដ្ឋាភិបាលក្នុងតំបន់អាស៊ានរកដំណោះស្រាយបន្ទាន់ ដោយក្នុងនោះ ហ្វីលីពីនបានចាប់ផ្តើមថ្ងៃធ្វើការពី៥ថ្ងៃ មក ៤ថ្ងៃក្នុងមួយសប្តាហ៍ជាបណ្ដោះអាសន្ន ខណៈដែលកម្ពុជា កំពុងសិក្សាពីផលប៉ះពាល់ និងត្រៀមលក្ខណៈឆ្លើយតបទៅនឹងការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុកនេះ។
គិតត្រឹមថ្ងៃចន្ទ ទី៩ ខែមីនានេះ តម្លៃប្រេងឆៅអន្តរជាតិប្រភេទ Brent និង WTI បានហក់ឡើងដល់ជាង ១២០ដុល្លារ ក្នុងមួយបារ៉ែល ដែលមានចំណុះប្រហែល ១៥៩លីត្រ។ ការហក់ឡើងយ៉ាងគំហុកនេះ បណ្ដាលមកពីជម្លោះរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា។ជម្លោះ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈមក។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃចន្ទថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នានា បណ្ដាលមកពីការហក់ឡើងនៃតម្លៃប្រេង។ យ៉ាងណាក៏ដោយ ឯកឧត្តម មិនទាន់អាច បញ្ជាក់ បាន នៅឡើយ ពីលទ្ធភាពនៃការកែសម្រួលថ្ងៃធ្វើការ នៅការិយាល័យរបស់បុគ្គលិក និងមន្ត្រីរាជការ នោះ។
ជាមួយគ្នានេះ អ្នកនាំពាក្យ ដដែល បានអំពាវនាវឱ្យមានការប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃខ្ពស់ក្នុងស្ថានភាពវិបត្តិនេះ។ ឯកឧត្តមបញ្ជាក់ថា បើអាចចែករំលែកមធ្យោបាយធ្វើដំណើរជាមួយគ្នា ហើយជួយចេញថ្លៃសាំងគ្នា ក៏ជាការជួយកាត់បន្ថយចំណាយបានមួយផ្នែក។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយចំពោះសំណួររបស់បណ្តាញព័ត៌មាន AMS ជុំវិញការពិចារណាលើផែនការកែសម្រួលពេលវេលា ធ្វើការក្នុងការិយល័យនៅឡើយទេ។
ប្រធានាធិបតី Ferdinand Marcos Jr. ប្រទេសហ្វ៊ីលីពីន បានប្រកាសដាក់ឱ្យអនុវត្តការធ្វើការ ៤ ថ្ងៃក្នុងមួយសប្តាហ៍ សម្រាប់ស្ថាប័ននីតិប្រតិបត្តិ ចាប់ពីថ្ងៃទី ៩ ខែមីនា តទៅ ដោយសារតម្លៃប្រេងកំពុងហក់ឡើងខ្ពស់។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា វិធានការបណ្តោះអាសន្ននេះ អាច នឹងជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈពី ១០ទៅ ២០ភាគរយ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានយល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា គួរពិចារណាលើការយកគំរូតាមប្រទេស សមាជិកអាស៊ាន នេះ។
លោកបណ្ឌិតបន្ថែមថា កម្ពុជាក៏អាចអនុវត្តតាមបទពិសោធន៍កាលពីសម័យវិបត្តិកូវីដ-១៩ ដូចជាការផ្លាស់ប្តូរវេនគ្នាបំពេញការងារនៅការិយាល័យ និងនៅតាមផ្ទះតាមប្រព័ន្ធអនឡាញ ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជួយកាត់បន្ថយការចំណាយនានាជូនដល់បុគ្គលិក និងមន្ត្រីរាជការ។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានគាំទ្រលើការលើកឡើងនេះផងដែរ៕
ដោយ៖ទួន សុផល