ព្រះវិហារ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូន កងពលតូចអន្តរាគមន៍លេខ៩ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។
ក្នុងឱកាសនៃជំនួបសាកសួរខុខទុក្ខកងទ័ពនៅខេត្តព្រះវិហារ កំពង់ធំ កាលព្រឹកថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិតបាននាំការផ្តាំផ្ញើនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់កងទ័ពទាំងអស់ដោយក្តីនឹករលឹក។
សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូនរបស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។សម្តេចក៏បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។
គូសរំលេចទាក់ទងនឹងប្រធានបទទិវានារីអន្តរជាតិ៨មីនា ឆ្នាំនេះ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»សម្ដេច ម៉ែន សំអន បានបញ្ជាក់ថា ជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ។ការពារស្រ្តីនិងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តីនិងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម។
ក្នុងឱកាសនេះដែរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជូននូវអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនធំ ដល់កងវរៈសេនាតូចអន្តរាគមន៍លេខ៣៩១, ៣៩២, ៣៩៣, ៣៩៤ និង៣៩៥ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ, កងវរសេនាតូចលេខ៤៤៦ និង៤៤៧ ៕
ដោយ៖ហេង សម្បត្តិ