លោកឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដូមីនិក វីល្លៀម បានគូសបញ្ជាក់ថា ក្នុងពេលដែលកម្ពុជាត្រៀមចាកចេញពីឋានៈនៃប្រទេសមានការអភិវឌ្ឍតិចតួច (ឬ LDC) នៅពេលខាងមុខ វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតជំនាញ ដើម្បីបង្កើនផលិតភាពរបស់កម្លាំងពលកម្ម និងជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចថ្មីៗ។
លោក ដូមីនិក វីល្លៀម បានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៩ ខែមីនា នៅទីស្តីការក្រសួងការងារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យ TVET និងគោលនយោបាយកម្លាំងពលកម្ម ដែលតំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស។
ឯកឧត្តម ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ដូមីនិក វីល្លៀម និងលោក Jonathan Ledger ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយូរអង្វែងដល់កម្ពុជា ក្នុងវិស័យអភិបាលកិច្ចការងារ និងអភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការការពារពលករចំណាកស្រុក ការគាំទ្រផ្នែកគោលនយោបាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តម ហេង សួរ បាន លើកឡើងផងដែរពីកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច។
ឯកឧត្តមរដ្ឋមន្រ្តី និងលោក ដូមីនិក វីល្លៀម បានផ្លាស់ប្តូរយោបល់គ្នាពីការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយបានគូសបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរួម ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេសកម្មវិធីបណ្តុះបណ្តាលនេះ។
តាមរយៈ MoU នេះ កម្ពុជានឹងអាចស្វាគមន៍អ្នកជំនាញកម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័នលំដាប់ពិភពលោកបន្ថែមទៀតពីចក្រភពអង់គ្លេសមកកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងគុណភាពជំនាញកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។
គួរបញ្ជាក់ថា MoU ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)” មានគោលបំណងពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យ TVET និងជំនាញ ដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងទៅវិញទៅមក និរន្តរភាព និងផលប្រយោជន៍រួម៕
ដោយ៖ ង៉ាន់ ទិត្យ