ភ្នំពេញ៖សេដ្ឋវិទូ រំពឹងថា តម្លៃប្រេងកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង។ ចំណែករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា តម្លៃប្រេងឥន្ធនៈកម្ពុជា ពឹងផ្អែកលើថ្លៃដើមនៃការនាំចូល។

ភ្នំពេញ៖សេដ្ឋវិទូ រំពឹងថា តម្លៃប្រេងកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង។ ចំណែករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា តម្លៃប្រេងឥន្ធនៈកម្ពុជា ពឹងផ្អែកលើថ្លៃដើមនៃការនាំចូល។

កាលពីយប់ថ្ងៃចន្ទទី៩ ខែមីនា តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះយ៉ាងគំហុកពីតម្លៃជិត ១២០ ដុល្លារ មកក្រោម ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយការថ្លែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា សង្រ្គាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជិតដល់ទីបញ្ចប់ហើយ។

តម្លៃប្រេងសកលបានហក់ឡើងយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកប្រតិបត្តិការយោធាលើប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងធំបំផុតមួយរបស់ពិភពលោក និងជាម្ចាស់ច្រកផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់របស់ពិភពលោក គឺច្រកសមុទ្រ អរម៉ូស(Hormuz) ។
អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច បានព្យាករថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងធ្លាក់ចុះមកវិញ ក្នុងការប្រកាសតម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី១១ ខែមីនា ដោយយោងតាមសម្ពាធនៃការធ្លាក់ថ្លៃប្រេងលើទីផ្សារសកល។
កាលពីសប្តាហ៍មុន តម្លៃប្រេងសាំង និងម៉ាស៊ូតបានហក់ឡើងដល់ ៤.៤០០ រៀល និង ៥.១៥០ រៀល ក្នុងមួយលីត្រ ដែលការកើនឡើងនេះចន្លោះពី ៥៥០រៀល សម្រាប់ប្រេងសាំង និង ១,៣០០ រៀល សម្រាប់ប្រេងម៉ាស៊ូត។
អ្នកសេដ្ឋកិច្ចដដែលកត់សម្គាល់ថា ជានិច្ចកាលទីផ្សារប្រេងក្នុងស្រុកតែងមានសន្ទុះឡើងថ្លៃយ៉ាងរហ័ស ប៉ុន្តែការចុះថ្លៃវិញមានសភាពយឺតយ៉ាវ។
លោកបណ្ឌិតបញ្ជាក់ថា ខ្ញុំសង្ឃឹមថា ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការជាមួយក្រុមហ៊ុនប្រេង ឲ្យមានតម្លាភាពជាមួយទីផ្សារពិភពលោក ហើយនឹងតម្លៃនៅលើទីផ្សារកម្ពុជា។
ក្រសួងពាណិជ្ជកម្មកំណត់តារាងតម្លៃប្រេងឥន្ធនៈថ្មីរាងរាល់ ១០ថ្ងៃម្តង កាលពីពេលមុន។ ប៉ុន្តែទើបតែបានកែសម្រួលការកំណត់តម្លៃថ្មីសម្រាប់រយៈពេលត្រឹមតែ៣ថ្ងៃ កាលពីថ្ងៃទី ៨ ខែមីនា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន AMS លោក អឿន សុខន អ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកតាមដានសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាអាចនឹងធ្លាក់ចុះមកវិញ ផ្អែកលើស្ថានភាពជាក់ស្ដែងនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន ប្រសិនបើទីផ្សារអន្តរជាតិបន្តនិន្នាការធ្លាក់ចុះបែបនេះ។
បន្ថែមលើនេះ លោកបានកត់សម្គាល់ថា កត្តាអត្រាប្តូរប្រាក់ដុល្លារអាម៉េរិក និងគោលនយោបាយពន្ធនាំចូល ក៏ជាកាតាលីករដ៏សំខាន់ក្នុងការកំណត់តុល្យភាពតម្លៃប្រេងក្នុងស្រុកផងដែរ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីសប្តាហ៍មុនថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈក្នុងស្រុក គឺផ្អែកទៅលើថ្លៃដើមនៃការនាំចូលជាក់ស្ដែង។
ឯកឧត្តមបញ្ជាក់ថា ប្រេងដែលមកទាប គឺលក់ក្នុងតម្លៃទាប ព្រោះមានការកំណត់ហើយ ប្រេងថ្មីដែលមកដល់ថ្លៃខ្ពស់ យើងឲ្យលក់តាមថ្លៃខ្ពស់ជាក់ស្តែង មិនមែនបង្ខំឱ្យលក់ថ្លៃទាបទេ។
ចំណែកឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅមិនទាន់អាចផ្ដល់ការអត្ថាធិប្បាយជុំវិញការប្រែប្រួលតម្លៃថ្មីសម្រាប់ទីផ្សារកម្ពុជានៅឡើយទេ គិតមកដល់រសៀលថ្ងៃអង្គារនេះ។
បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ន កម្ពុជា នៅពឹងផ្អែកទាំងស្រុង លើការនាំចូលថាមពលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក តាមរយៈក្រុមហ៊ុន Chevron របស់អាម៉េរិក ផ្គត់ផ្គង់ឱ្យស្ថានីយកាល់តិច, ក្រុមហ៊ុនតូតាល់របស់បារាំង និងក្រុមហ៊ុនដៃគូផ្សេងៗទៀត៕
ដោយ៖ទួន សុផល
