ភ្នំពេញ៖ដូងក្រអូបដែលមានផ្លែតូចល្មម និងមានរសជាតិឈ្ងុយឆ្ងាញ់ បានក្លាយជាទីពេញនិយមបរិភោគរបស់មនុស្សទូទៅពិសេសនៅរដូវក្តៅ។ អ្នកដាំដូង និងអ្នកលក់ដូងប្រភេទនេះ អះអាងថា ដូងក្រអូបកំពុងមានទីផ្សារល្អ បើទោះបីកន្លងទៅបានធ្លាក់ថ្លៃបន្តិចក៏ដោយ។

ភ្នំពេញ៖ដូងក្រអូបដែលមានផ្លែតូចល្មម និងមានរសជាតិឈ្ងុយឆ្ងាញ់ បានក្លាយជាទីពេញនិយមបរិភោគរបស់មនុស្សទូទៅពិសេសនៅរដូវក្តៅ។ អ្នកដាំដូង និងអ្នកលក់ដូងប្រភេទនេះ អះអាងថា ដូងក្រអូបកំពុងមានទីផ្សារល្អ បើទោះបីកន្លងទៅបានធ្លាក់ថ្លៃបន្តិចក៏ដោយ។
អ្នករកស៊ីដូងក្រអូបបានអះអាងដោយអំណរថា ទីផ្សារដូងក្រអូបមិនថា នៅខេត្តកែប កំពត ភ្នំពេញ បាត់ដំបង និងខេត្តមួយចំនួនទៀត ចាប់ពីដើមឆ្នាំ២០២៦និងឈានចូលដើមខែមីនានេះ កំពុងមានតម្រូវការខ្ពស់។ស្របគ្នានេះកសិដ្ឋាន និងចំការមួយចំនួនទៀតផ្គត់ផ្គង់ស្ទើរមិនគ្រប់គ្រាន់។
លោក ផុន សម្បត្តិ អ្នកទិញដូងក្រអូបបោះដុំនៅប្រចាំខេត្តបាត់ដំបងបានឱ្យដឹងថាដូងក្រអូបកំពុងមានទីផ្សារល្អចាប់ពីដើមឆ្នាំ រហូតមកដល់ជិតពាក់កណ្តាលខែមីនានេះ។ចំពោះតម្លៃទិញពីចំការក្នុងមួយផ្លែពី១.២០០ដល់១.៥០០រៀល។អ្នកទិញបន្តយកទៅលក់រាយតាមផ្សារគឺមួយផ្លែពី២.៥០០រៀលដល់៤.០០០រៀលក្នុងមួយផ្លែ។
លោក សម្បត្តិ បញ្ជាក់ថា ដូងដែលលោកទិញភាគច្រើន លក់ក្នុងទីផ្សារខេត្តបាត់ដំបង និងខ្លះទៀតនាំទៅលក់នៅខេត្តមួយចំនួនទៀតនៅកម្ពុជា។
ជាអ្នកជំនួញដូង លោក ផុន សម្បត្តិបានសរសើរដូងក្រអូបកម្ពុជា ថា ប្រកបដោយគុណភាព មានរសជាតិផ្អែមឆ្ងាញ់ បើទោះផ្លែតូចបន្តិចពិតមែនតែបានក្លាយជាទីពេញនិយម។លោកថា ដូងប្រភេទនេះនៅកម្ពុជាមានទីផ្សារល្អពិសេសភ្ញៀវទេសចរបរទេសចូលចិត្តណាស់ដែរ។ក្នុងមួយខែៗលោក សម្បត្តិ អាចលក់ដូងចាប់ពី៣ពាន់ ទៅ៥ពាន់ផ្លែ ។លោកថា បច្ចុប្បន្នដូងក្រអូបតាមចំការ និងកសិដ្ឋានដូងក្រអូបជាច្រើនផ្គត់ផ្គង់ស្ទើរមិនគ្រប់គ្រាន់ដោយសារកំណើនអ្នកបរិភោគ ពិសេសដូងក្នុងខែប្រាំងខ្សត់ថែមទៀត។
អ្នកទិញដូងមួយរូបផ្សេងទៀត លោក ភា រ៉ុង បានប្រាប់ថាដូងក្រអូបនៅខែប្រាំងខ្វះច្រើនដោយសារតែជារដូវក្តៅដូងមិនសូវមានទឹក។បច្ចុប្បន្នលោកទិញពីកសិដ្ឋានដាំដូងក្រអូប ក្នុងមួយផ្លែតម្លៃ១.២០០ដល់១.៥០០រៀល ។អ្នកលក់រាយតាមផ្លូវ និងភោជនីយដ្ឋានចាប់ពី៣.000ទៅ៤.000រៀលក្នុងមួយផ្លែ។លោក រ៉ុង គឺជាអ្នកទិញដូងក្រអូបដ៏ធំប្រចាំនៅខេត្តកំពត និងខេត្តកែប ។
ចំណែក លោក ជិន តារា អ្នកដាំដូងក្រអូប និងជាអ្នកជំនាញកសិកម្មមួយរូប សព្វថ្ងៃមានចំការដូងក្រអូបនៅខេត្តព្រះសីហនុបាន បញ្ជាក់ថា ដូងក្រអូបមានទីផ្សារល្អប្រសើរ។ដូងប្រភេទនេះមិនចេះខ្វះទីផ្សារទេ។លោកថា ដំណាំប្រភេទនេះពិបាកដាំជាងដូងធម្មតាក៏ពិតមែន តែនៅពេលហុចផល យើងអាចទទួលបានចំណូលច្រើនគួរសមដែរ។
ទាក់ទងនឹងដូងក្រអូប លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពតបានប្រាប់ថាដូងនៅខេត្តកំពតសម្បូរបែប ។មានទាំងដូងធម្មតា ដូងតុកកែ និងដូងក្រអូប។ដូងក្រអូបនៅខេត្តកំពតបើគិតពីចំនួន មានតិចតួចជាងដូងធម្មតា និងដូងតុកកែ ។លោកទទួលស្គាល់ថា ដូងក្រអូបមានទីផ្សារល្អ ។ពិសេសភ្ញៀ់វទេសចរចូលចិត្ត និងមួយចំនួនទៀតលក់ទៅកាន់ទីផ្សារភ្នំពេញ និងខេត្តដទៃទៀត។
លោកបន្តថា មន្ទីរកសិកម្មជំរុញឱ្យមានការដាំដូងប្រភេទនេះឱ្យបានច្រើន និងពិសេសតំបន់ដែលមានសក្តានុពលទេសចរណ៍ដើម្បីលក់ដល់ភ្ញៀវទេសចរដែលជាប្រភពចំណូលមួយដ៏សំខាន់។
គួរជម្រាបថា ដូងក្រអូបមានលក្ខណៈពិសេសដោយដើមទាបឆាប់ផ្តល់ផលនៅអាយុប្រហែល៣ឆ្នាំ។ផ្លែរបស់វាច្រើនគ្រប់រដូវ និងមានរសជាតិទឹកផ្អែមឈ្ងុយឆ្ងាញ់។ វាជាដំណាំសេដ្ឋកិច្ចខ្ពស់ ងាយស្រួលថែទាំ មិនរើសដី ហើយមានអាយុកាលផ្តល់ផលវែងឆ្ងាយរហូតដល់ ៤០-៥០ ឆ្នាំ។នេះបើតាមអត្ថបទស្រាវជ្រាវរបស់មន្រ្តីជំនាញក្រសួងកសិកម្ម និងបរិស្ថាន៕









ដោយ៖ម៉ាដេប៉ូ
