ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់បានបើកកិច្ចប្រជុំលើកទី៣ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីបទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពប្រព័ន្ធឧស្ម័នក្នុងអគារ និងសុវត្ថិភាពនៃការរៀបចំបណ្ដាញអគ្គិសនីក្នុងអគារ។
របៀបវារៈទាំងពីរនេះមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងការធានាសុវត្ថិភាព និងទប់ស្កាត់ហានិភ័យនានា ដែលអាចបណ្តាលឱ្យមានការផ្ទុះឆេះ ដោយសារការរៀបចំប្រព័ន្ធឧស្ម័ន និងបណ្ដាញអគ្គិសនីក្នុងអគារ មិនបានត្រឹមត្រូវតាមស្តង់ដារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់មានតួនាទីដាក់ចេញនូវបទប្បញ្ញត្តិបច្ចេកទេសនានា ជូនសមាជិក និងសមាជិកា ដែលជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានមតិយោបល់យកទៅអនុម័តឲ្យបានសមស្រប ចៀសវាងកំហុសឆ្គងផ្សេងៗ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ គួរតែសិក្សា និងដកស្រង់បទពិសោធន៍ល្អៗ ពីបណ្ដាប្រទេសដែលមានជំនាញ និងភាពប៉ិនប្រសប់ ក្នុងការរៀបចំប្រព័ន្ធឧស្ម័ន និងបណ្ដាញអគ្គិសនីក្នុងអគារ ប្រកបដោយគុណភាព ចំណាយតិច ចំណេញច្រើន ដើម្បីយកមកកែសម្រួល និងអនុវត្តឱ្យសមស្របតាមបរិបទសង្គមកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ក្រុមប្រឹក្សាជាតិបទបញ្ញត្តិបច្ចេកទេសសំណង់ គួរបង្កើតវប្បធម៌នៃការគោរពស្តង់ដារ និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ហើយពង្រីកការយល់ដឹងនេះ ទៅដល់សាស្ត្រាចារ្យ និងគ្រូបង្រៀននៅតាមស្ថាប័នអប់រំ ដើម្បីបណ្តុះផ្នត់គំនិតសិស្ស ឱ្យមានការប្រើប្រាស់ធនធានមិនខ្ជះខ្ជាយ និងបង្កើតផលិតផលដែលអាចប្រើប្រាស់បានយូរអង្វែង ជាផលិតផលរបស់ខ្មែរ បង្កើតឡើងដោយខ្មែរ។
ឯកឧត្តមក៏បានណែនាំឱ្យបន្តដកស្រង់គំរូ និងបទពិសោធន៍ពីបណ្ដាប្រទេសដែលមានភាពជំនាញ ក្នុងការរៀបចំបទបញ្ញត្តិបច្ចេកទេស ដើម្បីយកមកតាក់តែង និងអនុវត្តបទបញ្ញត្តិបច្ចេកទេសក្នុងវិស័យសំណង់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕
អត្ថបទ៖ វណ្ណា
រូបភាព៖ គ្រីសម្បត្តិ