ភ្នំពេញ៖ក្រុម អ្នក ស្រាវជ្រាវ អន្តរជាតិមួយ បានរកឃើញត្រីចំនួន ១៣០ប្រភេទ កំពុងមានវត្តមានលើទីផ្សារ នៃខេត្ត ក្រចេះ និងខេត្តស្ទឹងត្រែង ភាគឦសាន ប្រទេស កម្ពុជា។ ការរកឃើញប្រភេទត្រីទាំងនេះ ក្រោយពីពួកគេបាន ធ្វើ ការ អង្កេត រយៈពេល ពីរ សប្តាហ៍ លើ កាលពីខែកុម្ភៈ ឆ្នាំ២០២៦។
គេហទំព័រ MONGABAY របស់សហរដ្ឋអាម៉េរិកបានចុះផ្សាយក្នុងសប្តាហ៍នេះថា ក្រុម អ្នក ស្រាវជ្រាវ បាន សង្កេតឃើញថា ប្រភេទត្រីដែលត្រូវបាន រកឃើញ បាន កើនពី ១១៣ប្រភេទ នៅឆ្នាំ ១៩៩៤ ដល់ ១៣០ ប្រទេសនៅឆ្នាំ ២០២៦។ ប៉ុន្តែ ដំណាលគ្នានោះ ត្រីចំនួន ៤៦ ប្រភេទ មិនមានវត្តមាន ក្នុងអាងទន្លេមេគង្គទៀតទេ។ ប៉ុន្តែពួកវា កំពុង ស្ថិត ក្នុងវារីវប្បកម្ម។
ត្រីទាំង ៤៦ប្រភេទនោះ មានដូចជា ត្រីបបែលមានចំនួន ៣ប្រភេទគឺត្រីបបែលភ្លើង បបែលកន្ទុយខ្លី និងត្រីបបែលយក្ស ,ត្រីនាគឬតាពត ត្រីស្លាត ត្រីក្រាយ ត្រីក្រាយក្របី ត្រីការ៉ាវ ត្រីដូងចាន់ឬពុលរលក អន្ទង់សមុទ្រ អន្ទង់ស ត្រីបណ្ដូលសណ្ដែកតូច ត្រី ជញ្លូញមាន់ ត្រីឆ្មាក្រពើ ត្រីឆ្មា ត្រីស្លឹកឫស្សីលឿង ត្រីបណ្ដូលអំពៅលឿង ត្រីបណ្ដូលអំពៅ ត្រីក្បក ត្រីកួនស ត្រីនួនចាន់ និងត្រីជាច្រើនប្រភេទទៀតដែលបានចងក្រងក្នុងឯកសារនេះ។
ក្នុងរបាយការណ៍នោះ ក្រុម អ្នក ស្រាវជ្រាវ អន្តរជាតិក៏បានលើកប្រភេទត្រីដែលធំជាងគេ និងរងការគំរាមកំហែងបំផុត ដូចជា ត្រីត្រសក់ (Probarbus jullieni) និងត្រីអន្ទង់យក្ស (Anguilla marmorata) ត្រីរាជ ដែល ជិត ផុត ពូជ យ៉ាង ធ្ងន់ធ្ងរ (Pangasianodon gigas) និងត្រី គល់រាំង(Catlocarpio siamensis)។
លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ AMS ថាការស្រាវជ្រាវប្រភេទត្រីរបស់ក្រុម អ្នក ស្រាវជ្រាវ អន្តរជាតិខាងលើនេះ ជាការរួមចំណែកក្នុងវិស័យជលផលរបស់ប្រទេសកម្ពុជា។
លោកថា តាមយោបល់របស់ខ្ញុំ ខ្ញុំគិតថានេះជាការងារចូលរួមក្នុងការកៀងគរនិស្សិតដែលជាយុវជនយុវនារីជំនាន់ក្រោយឳ្យចូលរួមក្នុងការងារស្រាវជ្រាវ ក៏ដូចជាការងារស្រលាញ់វិស័យជលផលធនធានជលផលយើង។
សៀវភៅរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលក្រសួងកសិកម្មបង្ហាញថា ត្រីក្នុងប្រទេសកម្ពុជាមាន ៣៧អម្បូរ និង ១៧៥ប្រភេទ។ ក្នុងនោះអម្បូរត្រីដែលសំបូរជាងគេគឺ អម្បូរត្រីស Cyprinidae ក្នុងនោះខេត្តក្រចេះ ដែលមានត្រី ១២២ប្រភេទ ហើយខេត្តស្ទឹងត្រែង រកឃើញមាន ៦៤ប្រភេទ។
ត្រីទឹកសាប កម្ពុជាចំនួន ២៦ ប្រភេទ ត្រូវ បានដាក់ចូលបញ្ជីជាប្រភេទត្រីកម្រដែលជិតផុតពូជ ដូចជា ត្រីគុលរាំង ត្រីរាជ ត្រីគជ្រា ត្រីតាពតឬត្រីនាគ ត្រីថ្ករ ត្រីបីកំណាត់ ត្រីជាតស្រង់ ត្រីត្រសក់ក្រហម ត្រីត្រសក់មាត់ក្រាស់ ត្រីត្រសក់ស ត្រីរមាស ត្រីខ្លាឬត្រីកន្រ្តប់ខ្លា ត្រីក្បក ត្រីកញ្ចុះក្របី ត្រីស្ទក់ ត្រីឆ្មាក្រពើ និងត្រីក្របីចំនួន ៣ប្រភេទទៀត។ ក្រៅពីនេះមានផ្សោត អណ្ដើកសង្កល់ អណ្ដើកក្កែក អណ្ដើកស្រែឬអណ្ដើកក្បាលធំ អណ្ដើកសោម កន្ធាយអាស៊ី និងកន្ធាយក្បាលកង្កែបឬល្មេច៕
ដោយ៖សេង បារាំង