ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី វិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១៣ មីនា ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តការងារក្នុងការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពិភាក្សា ហើយឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរបៀបវារៈមួយចំនួនទៀត រួមមាន៖
១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។
៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា កាលពីថ្ងៃទី១២ មីនា មិនបានបញ្ជាក់លម្អិតពីសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រាប់បណ្តាញព័ត៌មាន AMS ទេថា សេចក្ដីព្រាងច្បាប់នេះ មានអ្វីខ្លះ និងមានប៉ុន្មានមាត្រា ដោយសារឯកឧត្តមថា សេចក្ដីព្រាងច្បាប់នេះ មានភាពស្មុគស្មាញច្រើន ទាមទារការត្រួតពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ។ ចំណែកការបញ្ជូនទៅរដ្ឋសភា ពិនិត្យ និងសម្រេច ក៏មិនទាន់ដឹងថ្ងៃជាក់នោះដែរ។
ដោយឡែក បើតាមការចេញផ្សាយរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១កុម្ភៈ បានអះអាងថា៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងរៀបចចំនេះ នឹងបង្កើតបានជាក្របខណ្ឌគតិយុត្តមួយដ៏សំខាន់ និង ច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ, ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ។ សេចក្ដីព្រាងច្បាប់នេះ រៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក។ តាមរយៈការបង្កើតច្បាប់នេះ ក៏ជាការបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
គួររម្លឹកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ នៅថ្ងៃទី៤មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជាថ្មីពីការតាំងចិត្ត លុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជា នៅត្រឹមខែមេសា ឆ្នាំ២០២៦ ។
សូមបញ្ជាក់ថា កម្ពុជា បាននិរទេសជនបរទេសដែលសង្ស័យថា ជាអ្នកឆបោកជាង ៤៨.០០០នាក់ ខណៈជនបរទេសជាង ២១ម៉ឺននាក់ផ្សេងទៀត បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយស្ម័គ្រចិត្ត បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងការឆបោកតាមអនឡាញ បានបង្កើនការរឹតបន្តឹងតាំងពីខែមិថុនាឆ្នាំមុន ៕