បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី ប្រកាសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមសហគមន៍នេសាទចំនួន៥ នៅកំពត និងកែប

ក្រសួងរៀបចំដែនដី ប្រកាសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមសហគមន៍នេសាទចំនួន៥ នៅកំពត និងកែប

ក្រសួងរៀបចំដែនដី ប្រកាសសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា នៅក្នុងសហគមន៍នេសាទចំនួន៥នៅខេត្តកំពត និងខេត្តកែប ដើម្បីជួយលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការ ដើម្បីឲ្យគម្រោងនេះដំណើរការដោយជោគជ័យ សម្រាប់បម្រើជាប្រយោជន៍ដល់បងប្អូនសហគមន៍។

Advertisement

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ មីនា ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូនសាធារណជនថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រការអភិឌ្ឍមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។

តាមរយៈហិរញ្ញប្បទាននេះ ក្រសួងរៀបចំដែនដី ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត បានសម្របសម្រួលការអនុវត្តតម្រោង LASED III ដោយសហការជាមួយរដ្ឋបាលខេត្តកំពត និងខេត្តកែប ដើម្បីសិក្សាពីគន្លឹះដែលជំរុញបង្កើតជម្រើសមុខរបរបន្ថែម ព្រមទាំងពង្រឹងនិងពង្រីកមុខរបរមានស្រាប់ ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាននៅក្នុងខេត្តទាំងពីរ ពិសេសប្រជាសហគមន៍នេសាទ។

ការសិក្សាបានផ្តោតទៅលើសហគមន៍នេសាទអូរក្រសារ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប និងសហគមន៍នេសាទត្រពាំងសង្កែ សហគមន៍នេសាទកំពង់សាមគ្គី សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត។

លទ្ធផលនៃសិក្សាបានចង្អុលបង្ហាញពីតម្រូវការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រួមមាន ៖ ផ្លូវបេតុង ចំណតរថយន្ត ស្ពានដើរលើទឹក អគារសហគមន៍ អគារផ្តល់ព័ត៌មាន ហាងកាហ្វេ ហាងលក់ភេសជ្ជៈ កន្លែងអង្គុយលេង ប៉មមើលទេសភាព បន្ទប់ទឹក រានហាល និងសំណង់ការពារបាក់ច្រាំង នៅក្នុងសហគមន៍នេសាទទាំង ៥ ខាងលើ ដើម្បីចូលរួមចំណែកជំរុញលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក បង្កើតឱកាសការងារជូនប្រជាជន ជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងខឿនសេដ្ឋកិច្ចគ្រួសារ។

ក្រុមការងាររាជរដ្ឋាភិបាលយល់ឃើញថា ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅមូលដ្ឋាន គឺជាជំហានដ៏រឹងមាំ ឆ្ពោះទៅកសាង និងពង្រឹងខឿនសេដ្ឋកិច្ចមូលដ្ឋាន ដែលនឹងផ្តល់ជម្រើសមុខរបរបន្ថែមដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ និងជួយលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ ក៏ដូចជាសហគមន៍មូលដ្ឋាន ឱ្យកាន់តែល្អប្រសើរឡើង ប្រកបដោយសហគ្រិនភាព និងឯករាជ្យភាពផ្នែកសេដ្ឋកិច្ច។

ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងនោះ ត្រៀមនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ ដូច្នេះ ដើម្បីឱ្យការអនុវត្តគម្រោងសាងសង់អាចដំណើរការទៅបានរលូន និងសម្រេចតាមផែនការគ្រោងទុក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធទីតាំងខាងលើ ចូលរួមសហការជាមួយក្រុមការងារ ប្រកបដោយស្មារតីយោគយល់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍសហគមន៍មូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង និងដើម្បីជាផលប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋផ្ទាល់ និងសម្រាប់សង្គមជាតិទាំងមូល៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា