ក្រចេះ៖ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះដែលជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត លើទឹកដីខេត្តភាគឦសានមួយនេះ នឹងត្រូវបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ខាងមុខមុនផែនការគ្រោងទុក ដែលគ្រោងនឹងបើកឱ្យធ្វើចរាចរនៅថ្ងៃទី១ ខែមេសា។
មានហេតុគ្រប់គ្រាន់សម្រាប់រដ្ឋបាលខេត្តក្រចេះ និងក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរលើស្ពានដ៏ធំវែងឆ្លងកាត់ទន្លេមេគង្គ ពីព្រោះដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធ
រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ទី២៩ ខែមីនា ឆ្នាំ២០២៦ ខណៈខេត្តក្រចេះធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានឱ្យដឹងថា តាមគម្រោងកាលពីពេលកន្លងទៅគ្រោងនឹងបើកឱ្យធ្វើដំណើរនៅថ្ងៃទី១ ខែមេសាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ប៉ុន្តែដោយការជំរុញយ៉ាងសកម្ម ស្ពានយុទ្ធសាស្ត្រនេះ ត្រូវបានពន្លឿនការសាងសង់ឱ្យរួចរាល់មុនកំណត់។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបើកដំណើរការនេះស្របពេលដែលខេត្តក្រចេះ កំពុងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ” ដើម្បីទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ ។
គួរបញ្ជាក់ថា គិតត្រឹមដំណាច់ខែកុម្ភៈកន្លងទៅ វឌ្ឍនភាពនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន លទ្ធផលសម្រេចបាន រួមមាន៖ តួស្ពាន ៩៨,៤៤ភាគរយ ,ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណប ៩៦,៨៤ភាគរយ ,ផ្លូវមេ និងផ្លូវខ្នែង សម្រេចបាន ៩៩,០៩ភាគរយ ។ដោយឡែកការងារដែលនៅសេសសល់ត្រឹមតែជាង ១% គឺជាការងារតុបតែងលម្អ និងការងារបង្ហើយបន្តិចបន្តួចប៉ុណ្ណោះ។
ទាក់ទងនឹងស្ពានមិត្តភាព កម្ពុជា ចិន មេគង្គក្រចេះ នេះដែរ លើបណ្ដាញសង្គមផ្លូវការ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ”មានប្រវែង ១ ៧៦១ម៉ែត្រ ទទឹងស្ពានមានប្រវែង ១៣,៥ម៉ែត្រ ក្នុងនោះគន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង(៣,៥មx២), គន្លងផ្លូវទោចក្រយានមាន ២គន្លងទទឹង(១,៧៥មx២) គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង(១មx២) និងបង្កាន់ដៃស្ពានទទឹង(០,៥មx២) ។ស្ពានមានសសរជើងស្ពានចំនួន ៣៦ និងផ្លូវនាវាចរមានទំហំ១០០ម៉ែត្រគុណនឹង១៥ម៉ែត្រ ។
ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះសារសំខាន់ដំបូង គឺតភ្ជាប់រវាង ស្រុកចិត្របុរី (ត្រើយខាងកើត) និង ស្រុកព្រែកប្រសព្វ (ត្រើយខាងលិច)។ស្ពាននេះនឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន ,ការភ្ជាប់បណ្តាញទេសចរណ៍ ដោយតភ្ជាប់ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសាន ,ជួយកាត់បន្ថយការចំណាយ និងពេលវេលា៕
ដោយ៖ឡុង សំបូរ