ភ្នំពេញ៖ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំនៅកម្ពុជា បង្ហាញនូវការពេញចិត្តចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ។

ភ្នំពេញ៖ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំនៅកម្ពុជា បង្ហាញនូវការពេញចិត្តចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ។

កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម ដែននី អានណាន (Danny Annan) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំនៅកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនៃឥស្សរជនជាន់ខ្ពស់ទាំងពីរថានៅក្នុងឱកាសនោះ សម្ដេចតេជោបានចែករំលែកអំពីស្ថានការណ៍អន្តរជាតិមួយចំនួនដែលកើតមានឡើងនៅពេលបច្ចុប្បន្ន ជាពិសេស បញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដែលបានកើតឡើងនាពេលកន្លងមកនេះ ដែលភាគីទាំងពីរកំពុងតែរក្សាគោលជំហរបទឈប់បាញ់ ហើយសម្ដេចបានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺគាំទ្រចំពោះការរក្សានូវជំហរនៃការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហា និងការចរចាដោយសន្តិវិធី ។

ចំណែកឯកឧត្តម ឯកអគ្គរាជទូតដាណឺម៉ាក បានពេញចិត្តចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ។

គួររម្លឹកថា សង្គ្រាមចុងក្រោយរយៈពេល២១ថ្ងៃ បានធ្វើឱ្យពលរដ្ឋខ្មែរជាង ៦៤ម៉ឺននាក់ ភៀសខ្លួនពីលំនៅដ្ឋាន និងពលរដ្ឋជាង ៣០នាក់ទៀត បានបាត់បង់ជីវិត។ភាគីថៃ មិនត្រឹមតែបំផ្លាញផ្ទះសម្បែងពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលោភបំពានដែនអធិបតេយ្យភាព ដោយដាក់បន្លាលួស និងទូកុងតឺន័រកាន់កាប់ទីតាំងចំនួន ១៤កន្លែង ក្នុងខេត្តចំនួន ៤ ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ ។

កម្ពុជាបានព្យាយាមជំរុញឱ្យមានការដោះស្រាយតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC) យ៉ាងហោចណាស់ ៥លើក។ ក៏ប៉ុន្តែប្រទេសថៃ បានពន្យារពេលជាបន្តបន្ទាប់ ។ ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានលើកឡើងថា ការចរចាឡើងវិញជាមួយកម្ពុជា អំពីបញ្ហាព្រំដែន នឹងត្រូវធ្វើទៅបានក្រោយការបង្កើតរដ្ឋាភិបាលថ្មី។ រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ត្រូវគេរំពឹងថា អាចលេចចេញជារូបរាងក្នុងអំឡុងខែ មេសា ខាងមុខនេះ។

ក្នុងឱកាសនៃជំនួបខាងលើនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និង បង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកន្លងមក ដែលមានភាពល្អប្រសើរ ហើយសង្ឃឹមថា នៅឆ្នាំក្រោយដែលជាខួបលើកទី ៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជានិងដាណឺម៉ាក ប្រទេសទាំងពីរ នឹងមានការរៀបចំកម្មវិធីនានាដើម្បីអបអរសាទរនៃខួប៦០ឆ្នាំដែលនឹងឈានមកដល់នៅឆ្នាំក្រោយនេះ ។

ចំណែកឯកឧត្តមឯកអគ្គរាជទូតដាណឺម៉ាក បានលើកឡើងថា នៅក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តម ឯកឧត្តមបានប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងដាណឺម៉ាកឱ្យកាន់តែរីកចម្រើនទាំងក្នុងក្របខ័ណ្ឌនៃការទូតនយោបាយជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ។

សម្ដេចតេជោ ហ៊ុន សែន បានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ដោយបានឯកភាពលើការធ្វើយ៉ាងណា ឱ្យទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក កាន់តែល្អបន្ថែមទៀត ជាពិសេស ទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមានភាពល្អប្រសើរ មានការកើនឡើងហើយស្របទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនយោបាយ ការទូត រវាងប្រទេសទាំងពីរដែលមានជាមួយគ្នា ។ សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក គឺនៅមានសក្តានុពលច្រើនទៀត ដែលភាគីទាំងពីរ អាចធ្វើការជាមួយគ្នា ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចជាដើម ៕
ដោយ៖វណ្ណលុក

