ភ្នំពេញ៖កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ នេះបើតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបង្ហាញឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាតជូនឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។
សម្ដេចធិបតីបានបង្ហាញលទ្ធផលនៃជំនួបនេះលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្នុងជំនួបឯកឧត្តមអគ្គរដ្ឋទូតកូរ៉េបានជម្រាបសម្ដេចដោយសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើងជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញនិងគាំទ្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្នទំនាក់ទំនងនៃប្រទេសទាំងពីរបាននិងកំពុងត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។
សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខ។ ជាមួយគ្នានេះសម្ដេចធិបតី និងឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្ការវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា សាធារណរដ្ឋកូរ៉េ មានបំណងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា។ ឯកឧត្តមបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតនេះឯកឧត្តមនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។
សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ សម្តេចធិបតីបានរំលឹកថា ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង ជា “ភាពជាដៃគូយុទ្ធសាស្ត្រ” នាឆ្នាំ២០២៤ ដែលការណ៍នេះ បានបើកច្រកសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត ៕
ដោយ៖វណ្ណលុក