បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាប័នជំនាញបញ្ជាក់ពីភាពរឹងមាំនែវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

ស្ថាប័នជំនាញបញ្ជាក់ពីភាពរឹងមាំនែវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ជូនសាធារណជនថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាព(Liquidity)គ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា ជាមួយនឹងសូចនាករចម្បងៗនៃភាពប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។

Advertisement

នៅក្នុងសេចក្តីប្រកាសរួមមួយចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្ថាប័នទាំងពីរលើកឡើងថា ការចែកចាយ និងផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គូសបញ្ជាក់ថា ភាពរអាក់រអួលចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា។

សមាគមទាំងពីរ ក៏បានអំពាវនាវដល់សាធារណជន សូមកុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម។ សូមតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃកម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់សេវាដោយផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម។

សមាគមទាំងពីរបន្តរក្សាទំនុកចិត្ត និងភាពរឹងមាំនៃវិស័យធនាគារ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិកទាំងអស់ ដើម្បីធានាការទំនាក់ទំនងច្បាស់លាស់ លើកកម្ពស់បរិយាកាសប្រតិបត្តិការឱ្យមានរបៀបរៀបរយ និងរក្សាស្ថិរភាព និងទំនុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា