ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវ M០៩ ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់ និងជនជាតិម៉ាឡេស៊ីចំនួន១នាក់។
ប្រភពពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា ក្នុងសកម្មភាពបង្រ្កាបដែលធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ទន្ទឹមនឹងការឃាត់ខ្លួន មន្ត្រីជំនាញបានដកហូតវត្ថុតាងបច្ចេកទេសមួយចំនួន រួមមាន៖ ទូរសព្ទដៃ ២៤៧គ្រឿង, កុំព្យូទ័រ All in One ០៨គ្រឿង, ធុង CPU ០២គ្រឿង និងម៉ូនីទ័រ ០២គ្រឿង។
សមត្ថកិច្ចសន្និដ្ឋានថា ទីតាំងខាងលើគឺជាកន្លែងដំណើរការល្បែងស៊ីសងអនឡាញ ដែលមានគោលដៅបោកបញ្ឆោតទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមមាន ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន។
ប្រភពដដែលបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
គួររំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕ ដោយ៖ង៉ាន ទិត្យ រូបថត៖គ.ប.ឆ.ប.