កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងបុរីពិភពថ្មីផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងបុរីពិភពថ្មីផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រតិបត្តិការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញជនសង្ស័យជាជនជាតិបង់ក្លាដេសចំនួន ០៦នាក់ ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន រួមជាមួយវត្ថុតាងមាន កុំព្យូទ័រ All In One ០១គ្រឿង និងទូរស័ព្ទដៃបម្រើការងារចំនួន ១៦គ្រឿង។
តាមការសន្និដ្ឋានបឋម របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយសេវាកម្ចីប្រាក់ក្លែងក្លាយ។
ពួកគេបាន បន្លំអត្តសញ្ញាណខ្លួនជាបុគ្គលិក ធនាគារពិភពលោក (World Bank)។ ក្លែងបន្លំឯកសារផ្សេងៗ ដើម្បីឱ្យជនរងគ្រោះជឿទុកចិត្ត។ តម្រូវឱ្យជនរងគ្រោះបង់ “ប្រាក់សេវារត់ការ” ជាមុន ទើបអនុម័តកម្ចី។ គោលដៅចម្បងរបស់ក្រុមនេះ គឺបោកប្រាស់ប្រជាជននៅក្នុងប្រទេសបង់ក្លាដេស ដោយប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រតិបត្តិការ។
បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។ អាជ្ញាធរក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ និងសង្ស័យមានការពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕









