ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយនិង Citadines Flatiron Phnom Penh និង Somerset Norodom Phnom Penh ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ នៅកម្ពុជា និងជំរុញការដំណើរកម្សាន្តអោយកាន់តែរលូនសម្រាប់អ្នកធ្វើដំណើរ ។
កម្មវិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Citadines Flatiron Phnom Penh ក្នុងរាជធានីភ្នំពេញ។ តាមរយៈ MoU ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia មានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយ Citadines និង Somerset ដែលនឹងធ្វើការរួមគ្នា ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ និងការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។
លោកស្រី ទូច អង្គឧសភាព ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ថ្លែងថា “ការចុះហត្ថលេខាលើខ្លឹមសារអនុសារណៈនេះ គឺពិតមានសារៈសំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុនទាំងពីរ ក្នុងការជំរុញគាំទ្រឲ្យមានភាពប្រសើរឡើងនូវវិស័យអាកាសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា រួមជាមួយការជ្រោមជ្រែងឲ្យមានកំណើនការធ្វើដំណើរតាមផ្លូវអាកាសមកទស្សនាកម្ពុជា ឲ្យមានភាពរលូន ជាពិសេស និងនៅតែបន្តមកកម្ពុជាម្តងហើយម្តងទៀត ។ បន្ថែមពីនេះ AirAsia Cambodia នឹងនៅតែបន្តធ្វើការជាមួយដៃគូរសហការណ៍ទាំងអស់ ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា ។”
លោក Kevin How នាយកគ្រប់គ្រងទូទៅនៃ Citadines Flatiron Phnom Penh និង Somerset Norodom Phnom Penh បានថ្លែងថា “ពិធីចុះហត្ថលេខានៃអនុស្សរណៈយោគយល់ រវាងសណ្ឋាគារទាំងពីរ និង AirAsia Cambodia ជាផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីជំហរនៃកិច្ចសហការរួមគ្នា ដើម្បីពង្រឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។
លោកបានដាក់ក្តីរំពឹងដោយសំឡឹងឃើញថា ទៅថ្ងៃអនាគត វិស័យទាំងពីរនៅកម្ពុជា នឹងមានការអភិវឌ្ឍន៍កាន់តែរីកចម្រើន។ ភ្ញៀវទេសចរណ៍ទូទាំងអាស៊ី និងមានការចូលរួមកាន់តែច្រើន និងលើកស្ទួយវិស័យទេសចរណ៍ ក៏ដូចជាបដិសណ្ឋារកិច្ចបន្ថែមទៅមុខទៀត។”
សូមបញ្ជាក់ថា អ៊ែរអេស៊ា ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុនសម្ព័ន្ធ AirAsia Group ដែលជាបណ្តាញក្រុមហ៊ុនអាកាសចរណ៍ តម្លៃសមរម្យបំផុតលើពិភពលោក នឹងប្តេជ្ញាធ្វើឱ្យអ្នកគ្រប់គ្នាអាចធ្វើដំណើរតាមផ្លូវអាកាសបាន។ ជាមួយនឹងការពង្រីកជើងហោះហើរជាអន្តរជាតិដែលកំពុងកើនឡើង អ៊ែរអេស៊ា ខេមបូឌា ប្តេជ្ញាផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ។
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បច្ចុប្បន្នកំពុងតភ្ជាប់ជើងហោះហើរជាអន្តរជាតិចំនួនលើសពី ១៥០គោលដៅ ហើយតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង MoU រវាង AirAsia Cambodia សណ្ឋាគារធំៗទាំង២ នៅក្នុងរាជធានីភ្នំពេញនេះ នឹងផ្តល់នូវតម្លៃបន្ថែមជាច្រើន ជូនអ្នកដំណើរអន្តរជាតិ ភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគទុនមកកម្ពុជា។ ដើម្បីតាមដានកម្មវិធី AirAsia MOVE ឬគេហទំព័រ airasia.com ដើម្បីទទួលបានប្រូម៉ូសិនពិសេសៗពី AirAsia ៕
សម្រួលអត្ថបទ : គង់ សុផុល
រូបភាព : សួង ពិសិដ្ឋ