នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់នៅថ្ងៃទី២១មីនានេះថា ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កឱ្យមានការកើនឡើងនៃតម្លៃប្រេងឥន្ទន:ជាសាកល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់ និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
វិធានការដែលបានអនុវត្តរួចហើយរួមមាន៖ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ, បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលបានកំណត់អត្រាពន្ធគយ ០ (សូន្យ) គឺមិនយកពន្ធគយលើការនាំចូលឡើយ។
ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦។ ក្នុងនោះ រាជរដ្ឋាភិបាលបានបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ ចំណែកអាករពិសេសលើប្រេងម៉ាស៊ូត ក៏បានបញ្ចុះពី ៤% មក ០% ហើយអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត បានបញ្ចុះពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។
ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៏បន្ថែម ក្នុងករណីចាំបាច់ ឱ្យបានទាន់ពេលវេលា៕