បន្ទាយមានជ័យ៖ ក្រោយស្នាក់នៅក្នុងតង់កៅស៊ូជាង៣ខែ ប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចាប់ផ្តើម រើសម្ភារៈទៅរស់នៅក្នុងជម្រកបណ្តោះអាសន្នថ្មី ដែលរាជរដ្ឋាភិបាល និងអាជ្ញាធររៀបចំឱ្យនៅទីតាំងសុវត្ថិភាព។
ផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញ ឬហ៊ុំព័ទ្ធដោយលួសបន្លា និងទូរកុងតឺន័ររបស់យោធាថៃក្នុងអំឡុងពេលយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា លើកទី២ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ និងក្រោយការអនុវត្តបទឈប់បាញ់។ ក្នុងពេលរង់ចាំត្រឡប់ទៅលំនៅដ្ឋានវិញ ពួកគាត់នៅតែបន្តជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលតាមមធ្យោបាយសន្តិវិធី។
លោក យ៉ន យូនីន ភៀសសឹកមកពីភូមសាមគ្គី តំបន់បឹងត្រគួន បានប្រាប់ AMS ថា លោកបានភៀសសឹកមកទីមណ្ឌលសុវត្តិភាពមកវត្តកណ្តោលនេះប្រមាណជាង៣ខែមកហើយ។ លោក និងពលរដ្ឋដទៃទៀតទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរាជ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន ដែលតែងតែផ្តល់ជាអំណោយស្បៀងអាហារ សម្លៀកបំពាក់ និងមានពេទ្យប្រចាំការជាប់ជាប្រចាំ។
ចំណែកលោក ម៉ី ពៅ ភៀសសឹកមកពីតំបន់បឹងត្រគួនដែរ បានថ្លែងថា ថ្ងៃនេះ លោកនិងក្រុមគ្រួសារអាចរៀបចំឥវ៉ាន់ទៅជម្រកបណ្តោះអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាលបានហើយ ។ លោកទទួលបានផ្ទះជាជម្រកបណ្តោះអាសន្នសមរម្យ សង់លើដីទំហំទទឹង ២០ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ រីឯផ្ទះមានទំហំ៥ X ៧ ម៉ែត្រ ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីផ្ទះចាស់របស់គាត់។ បុរសវ័យ៥៨ ឆ្នាំរូបនេះបន្ថែមថា លោកនៅតែបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការទាមទារយកដី និងផ្ទះត្រឡប់មកវិញ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅទីតាំងជម្រកបណ្ដោះអាសន្នទាំងនេះ គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទឹក និងភ្លើងប្រើប្រាស់គ្រប់គ្រាន់។ ដើម្បីជួយសម្រួលដល់បងប្អូនជនភៀសសឹក រាជរដ្ឋាភិបាលជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង ជូនបងប្អូនរយៈពេលពេញមួយឆ្នាំទៀតផង។ ជាជំហានដំបូង ប្រជាពលរដ្ឋពីរភូមិបានចាប់ឆ្នោតជ្រើសរើសក្បាលដីផ្ទះ ក្នុងនោះភូមិបន្ទាយមានរិទ្ធមានចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គីមាន ៣១៨គ្រួសារ។
បច្ចុប្បន្ន ក្រុមការងារបានសាងសង់ជម្រកបណ្តោះអាសន្នចំនួនប្រមាណ ៣០០ខ្នងផ្ទះហើយ ហើយតាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់ផ្ទះ ៣ ០០០ខ្នង ឱ្យរួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅតាមតង់កៅស៊ូ នៅមណ្ឌលសុវត្ថិភាពវត្តកណ្ដោល មានចំនួន ១ ១២៥គ្រួសារ ស្មើនឹង ៤ ១៤៤នាក់។ បច្ចុប្បន្ន ស្រុកថ្មពួកមានមណ្ឌលសុវត្ថិភាពចំនួន២កន្លែង និងស្រុកអូរជ្រៅមានចំនួន២កន្លែង ដោយមានពលរដ្ឋភៀសសឹកស្នាក់នៅចំនួនសរុប ២ ៩៥០គ្រួសារ ត្រូវជាជាង១ម៉ឺននាក់ ក្នុងនោះស្រីជាង ៥ ៥០០នាក់ និងកុមារជាង ៣ ៥០០នាក់៕
ដោយ៖ ង៉ាន់ ទិត្យ់
រូបភាព៖ រិន រចនា
DCIM\100MEDIA\DJI_0335.JPG