ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការគម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា (G.I.A. Norea) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រុមហ៊ុន G.I.A. Norea ថ្នាក់ដឹកនាំ ក.ប.ទ. និងវិស័យឯកជនប្រមាណ ១៦០រូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថាគម្រោងអគារឆ្លាតវៃ ជី អាយ អេ នរា ជា “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់” និង ជា “មជ្ឈមណ្ឌលឆ្លាតវៃ” (Smart Hub) ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃសេដ្ឋកិច្ចឌីជីថលសកល។ អ្វីដែលកាន់តែពិសេសនោះ គឺការអនុវត្តបច្ចេកវិទ្យា BIM (Building Information Modeling) ដែលនឹងប្រែក្លាយសំណង់នេះឱ្យទៅជា “ឌីជីថលភ្លោះ” (Digital Twin) ដ៏រស់រវើក។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា គម្រោងអគារនេះ មានរួមបញ្ចូលប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការគ្រប់គ្រងថាមពលនិងការថែទាំទុកជាមុន (Predictive Maintenance) ជាគំរូដ៏ឆ្នើមក្នុងការកាត់បន្ថយការភាយចេញឧស្ម័នកាបូន និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាបច្ចេកវិទ្យាបានចូលរួមធ្វើទំនើបកម្មនិងសម្របសម្រួលកិច្ចការជាច្រើន ទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងបានកាត់បន្ថយពេលវានិងការចំណាយផ្សេងៗ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់វិស័យឯកជនចូលរួមប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជាជំនួយដល់ការគ្រប់គ្រង ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៕
ដោយ៖ង៉ាន់ ទិត្យ