ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការបញ្ជ្រាបចំណេះដឹងដល់មន្ត្រីរាជការរបស់រដ្ឋាភិបាលឌីជីថល ២០២៦” វគ្គទី២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកវិទ្យាពីគ្រប់បណ្តាក្រសួង ស្ថាប័ន នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
សិក្ខាសាលានេះ បានរៀបចំឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៦ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការកសាងរដ្ឋាភិបាលឌីជីថលក្នុងការពង្រឹងមានភាពធន់ និងបង្កើនការយល់ដឹងបន្ថែមនូវហានិភ័យពីការវាយប្រហារសាយប័រ ព្រមទាំងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសម័យឌីជីថល ត្រៀមខ្លួនឆ្លើយតបទៅនឹងការគំរាមកំហែងលើប្រព័ន្ធអ៊ីនធឺណិតពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ សិក្ខាសាលានេះ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន អភិបាលកិច្ច និងបច្ចេកទេសសន្តិសុខសាយប័រ ដែលប្រធានបទពាក់ព័ន្ធរួមមាន (១).ទិដ្ឋភាពសន្តិសុខសាយប័រក្នុងតំបន់ មានទាំងការវាយប្រហារទូទៅ និងវិធីសាស្រ្តការពារ,(២).ការកសាងអភិបាលកិច្ចនិងសមត្ថភាព, (៣).ការណែនាំពីលំហាត់ និងការគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃ ការរៀបចំសិក្ខាសាលានេះ ដែលបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការពារ និងឆ្លើយតបទៅលើបញ្ហាប្រឈមនានា ដែលរដ្ឋាភិបាលកំពុងជួបប្រទះ ជាពិសេសក្នុងអំឡុងពេលដែលហានិភ័យសន្តិសុខសាយប័រកាន់តែស្មុគស្មាញ និងមានឥទ្ធិពលដល់ស្ថិរភាព និងទំនុកចិត្តសាធារណៈ។
ការរៀបចំសិក្ខាសាលានេះ ដែលរៀបចំឡើងដោយ ក.ប.ទនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ជាពិសេសថ្នាក់ដឹកនាំសម័យឌីជីថលដែលទាមទារចាំបាច់ និងស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនៅ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរាជរដ្ឋាភិបាល២០២២-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហ៍កម្មជំនាន់ទី៤ ពោលគឺការកសាងឱ្យបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។
ដោយ៖ង៉ាន់ ទិត្យ