ទំនិញចេញ-ចូលកម្ពុជាប្រមាណជាង៧០ភាគរយបានឆ្លងកាត់តាមកំពង់ផែក្រុងព្រះសីហនុ ដែលពេលនេះកំពុងអនុវត្តគម្រោងពង្រីកសមត្ថភាព តាមរយៈជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន។

ទំនិញចេញ-ចូលកម្ពុជាប្រមាណជាង៧០ភាគរយបានឆ្លងកាត់តាមកំពង់ផែក្រុងព្រះសីហនុ ដែលពេលនេះកំពុងអនុវត្តគម្រោងពង្រីកសមត្ថភាព តាមរយៈជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន។
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលកុងតឺន័រឆ្លងកាត់ជាង១,៣៤ លាន TEUs គឺកើនជាង១២% បើធៀបនឹងឆ្នាំ២០២៤។ ការបញ្ជាក់នេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារពត៌មានចំពោះគម្រោងដែលទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន (ODA) នារសៀនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
សមត្ថភាពរបស់កំពង់ផែនឹងកើឡើងថែមទៀត នៅពេលចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ដែលកំពុងសាងសង់ក្រោមហិរញ្ញប្បទានជប៉ុន នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧។ បច្ចុប្បន្ន ការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។
គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
នៅពេលដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០២៧ សមត្ថភាពផែសរុបកើនដល់ ១,៤៥លាន TEUs ក្នុងមួយឆ្នាំ ហើយនឹងក្លាយជាកំពង់ផែស្នូលក្នុងការតភ្ជាប់ផ្លូវនាវា។ ចំណតផែកុងតឺន័រទឹកជ្រៅនេះ នឹងអាចទទួលនាវាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រមាណ ៩៣% ពីក្នុងតំបន់ ខណៈបច្ចុប្បន្នមានត្រឹមតែ ១៨% ប៉ុណ្ណោះ ដែលអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារ ក្នុងមួយកុងតឺន័រ។
ឯកឧត្តម លូ គឹមឈន់ មានប្រសាសន៍ថា សព្វថ្ងៃនេះ នាវាកុងតឺន័រមកពីគ្រប់តំបន់ បានឆ្លងកាត់កំពង់ផែពហុបំណងនេះ។ ទំនិញចេញ-ចូលកំពង់ផែនេះសព្វថ្ងៃមានប្រមាណជាង៧០%ទៅហើយ។
ឯកឧត្តម ក៏បានបង្ហើបពីគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី២ ដែលគ្រោងធ្វើឱ្យចប់នៅឆ្នាំ២០២៩ ជាមួយសមត្ថភាពទទួលកុងតឺន័ររហូត ២លានTEUs ក្នុងមួយឆ្នាំ។ រីចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី៣ ក្នុងផែនការឆ្នាំ២០៣០ អាចមានសមត្ថភាពទទួលកុងតឺន័រប្រមាណជាង ២លាន៦២ម៉ឺនTEUs ក្នុងមួយឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា នៅក្រោយឆ្នាំ២០៣០ កំពង់ផែស្វយ័តអន្តរជាតិរបស់កម្ពុជាមួយនេះ នឹងប្រែក្លាយសមត្ថភាពទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ៕













ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា
